ព័ត៌មានទាន់ហេតុការណ៍៖

ក្តីសង្ឃឹមដឹកនាំអាមេរិកអាណត្តិទីពីររបស់លោកត្រាំកាន់តែបាត់បង់ក្រោយការគាំទ្រធ្លាក់ចុះ

ចែករំលែក៖

អាមេរិក៖ ការគាំទ្រប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំបានធ្លាក់ចុះយ៉ាងខ្លាំងដោយសារតែការដឹកនាំរបស់លោក មិនបានល្អនាពេលចុងក្រោយនេះ ពិសេសគឺក្នុងសង្គ្រាមប្រឆាំង កូវីដ-១៩ ។
តាមលទ្ធផលស្ទង់មតិ អតីតអនុប្រធានាធិបតីអាមេរិក លោក Joe Biden បាននាំមុខប្រធានាធិបតី ដូណាល់ ត្រាំដល់ទៅ១១ពិន្ទុ ក្នុងការប្រជែងតំណែងប្រធានាធិបតី សម្រាប់ការបោះឆ្នោតខែវិច្ឆិកាឆ្នាំ២០២០។
ការស្ទង់មតិថ្មីបំផុត របស់មហាវិទ្យាល័យ Quinnipiac បង្ហាញឲ្យឃើញថា ពលរដ្ឋអាមេរិក ៥១ភាគរយប្រកាសថា នឹងបោះឆ្នោតឲ្យលោក Joe biden ជាមួយគ្នានោះមានពលរដ្ឋអាមេរិកតែ៣៩ភាគរយប៉ុណ្ណោះ បោះឆ្នោតគាំទ្រលោកត្រាំ។ បើប្រៀបធៀបកាលពីខែមុន លោក Joe Biden ទទួលបានការគាំទ្រ ៤៩ភាគរយ ចំណែកលោកត្រាំទទួលបាន ៤១ភាគរយ ។
ការគាំទ្រលោកត្រាំធ្លាក់ចុះដោយសារតែ ពលរដ្ឋមិនពេញចិត្ត យុទ្ធសាស្ត្រ ប្រឆាំងកូវីដ-១៩ ធ្វើឲ្យស្ថានភាពកាន់តែអាក្រក់ទៅ។ ទាំងនោះហើយបានធ្វើឲ្យការគាំទ្រលោកធ្លាក់ចុះជាបន្តបន្ទាប់។
នៅក្នុងការស្ទង់មតិរបស់មហាវិទ្យាល័យ Quinnipiac ដោយការសម្ភាសពលរដ្ឋតាមទូរស័ព្ទចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៨ ខែឧសភា ទៅលើពលរដ្ឋ១.៣២០នាក់ មានសិទ្ធិទៅបោះឆ្នោត បង្ហាញឲ្យឃើញថា ពលរដ្ឋភាគច្រើន អស់ទំនុកចិត្តទៅលើប្រធានាធិបតីដូណាល់ ត្រាំ ក្នុងការដឹកនាំប្រទេសមហាអំណាចអាមេរិក។ចំណុចទាំងនោះហើយបានធ្វើឲ្យលោកត្រាំ កាន់តែបាត់បង់ឱកាសក្នុងការដឹកនាំអាមេរិក មួយអាណត្តិទៀត ៕ដោយ៖ធី រីណា


ចែករំលែក៖