កម្លាំងទាហានវេណេហ្ស៊ុយអេឡាបានប្រកាសថា ខ្លួននឹងបញ្ជូន នាវាចម្បាំងទៅការពារនាវាដឹកប្រេង ពីអុីរ៉ង់មកប្រទេសរបស់ខ្លួនបើទោះបី រងការប្រឆាំងយ៉ាងខ្លាំងពីអាមេរិកក្តី។
សារព័ត៌មាន Sputnik កាលពីថ្ងៃទី២០ខែឧសភា បានដកស្រង់សម្តីរដ្ឋមន្ត្រីក្រសួងការពារជាតិ វេណេហ្ស៊ុយអេឡា លោក Vladimir Padrino López ដែលបានបញ្ជាក់ថា កម្លាំងទាហានជើងទឹកនឹងអមការពារនាវាដឹកប្រេងពេលចូលដល់ដែនសមុទ្ររបស់ប្រទេសវេណេហ្ស៊ុយអេឡា។
នៅក្នុងបទសម្ភាសន៍តាមទូរទស្សន៍រដ្ឋ លោក Padrino បានថ្លែងថា ការអមការពារនាវាដឹកប្រេងនោះ ជាការស្វាគមន៍ និងអរគុណដល់ប្រជាជនអុីរ៉ង់ ចំពោះសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការនេះ ។ ការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិកទៅលើប្រទេសវេណេហ្ស៊ុយអេឡា បានធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់សេដ្ឋកិច្ចរបស់ប្រទេសអាមេរិកខាងត្បូងមួយនេះ ។ កាលពីខែមករា ឆ្នាំ២០២០ ប្រទេសនេះ ត្រូវបានបង្ខំឱ្យបិទរោងចក្រចម្រាញ់ប្រេងចុងក្រោយរបស់ខ្លួន ។ បើទោះជាការណ៍ពិតដែលថា វេណេហ្ស៊ុយអេឡាជាប្រទេសនាំចេញប្រេងក៏ដោយ ប៉ុន្តែប្រទេសនេះកំពុងជួបប្រទះនឹងកង្វះខាតប្រេងយ៉ាងខ្លាំង ក៏ព្រោះតែទណ្ឌកម្មរបស់អាមេរិក។
កន្លងមកវេណេហ្ស៊ុយអេឡាបានព្រមានដល់សហរដ្ឋអាមេរិក ប្រឆាំងនឹងការចាត់វិធានការទៅលើនាវាដឹកប្រេងអុីរ៉ង់ ដែលកំពុងតែធ្វើនាវាចរណ៍ទៅកាន់ប្រទេសវេណេហ្ស៊ុយអេឡា។ សារព័ត៌មាន Nour របស់អុីរ៉ង់បានផ្សាយថា “ ប្រសិនបើសហរដ្ឋអាមេរិក មានចរិតដូចចោរប្លន់ បង្កបញ្ហាអសន្តិសុខ នៅតាមផ្លូវទឹកអន្តរជាតិនោះ វាច្បាស់ណាស់ថា នឹងមានហានិភ័យដ៏គ្រោះថ្នាក់មួយកើតឡើង »។ កាសែតនេះ បានដកស្រង់ព័ត៌មានដែលថា នាវាចម្បាំងអាមេរិកបាននិងកំពុងស្ថិតនៅលើដងផ្លូវ ដើម្បីស្ទាក់ចាប់នាវាដឹកប្រេងអុីរ៉ង់ នៅតំបន់សមុទ្រការ៉ាបៀន ។
លោកបានប្រាប់ក្រុមអ្នកយកព័ត៌មាន នៅក្រុងតេអេរ៉ង់ ថា“ ប្រសិនបើអាមេរិកចាត់វិធានការណាមួយប្រឆាំងនឹងការធ្វើនាវាចរណ៍ ដោយសេរី និងស្របច្បាប់របស់នាវាអុីរ៉ង់នោះ អាមេរិក នឹងត្រូវទទួលនូវលទ្ធផលអាក្រក់ជាមិនខានឡើយ ៕ដោយ៖ធី រីណា