ព័ត៌មានទាន់ហេតុការណ៍៖

ព្យុះAmphan វាយប្រហារឥណ្ឌា បំផ្លាញទ្រព្យសម្បតិ្ត និងអាយុជីវិតជាច្រើន

ចែករំលែក៖

ទីក្រុងនៅភាគខាងកើតប្រទេសឥណ្ឌាបានរងការបំផ្លាញយ៉ាងខ្លាំងពីព្យុះ Amphan បំផ្លាញទ្រព្យសម្បត្តិជាច្រើន ហើយបានសម្លាប់មនុស្ស២២នាក់ នៅក្នុងប្រទេសឥណ្ឌានិងបង់ក្លាដែស។
ព្យុះ Amphan ចូលមកដីគោកឥណ្ឌាកាលពីថ្ងៃទី២០ខែឧសភា ដោយមានកម្លាំងខ្យល់ខ្លាំងធ្វើឲ្យដើមឈើជាច្រើនដួលរលំនៅតាមតំបន់ឆ្នេរសមុទ្រភាគខាងកើតប្រទេសឥណ្ឌា។ នៅពេលនេះ ខ្យល់ព្យុះបានថយចុះបន្តិច ហើយឆ្ពោះទៅកាន់ភាគខាងជើងទីក្រុង Bhutan។
ដើមឈើតូចធំត្រូវខ្យល់បោកឱ្យរលំ ព្រមទាំងបង្គោលភ្លើងផងដែរ។ ផ្ទះជាច្រើនត្រូវខ្យល់កួចបាក់ស្រុតទាំងស្រុង។ ផ្លូវថ្នាល់ជាច្រើនខ្សែនៅទីក្រុង Kolkata រងការលិចលង់ ហើយពលរដ្ឋជាង១៤លាននាក់គ្មានអគ្គិសនីប្រើប្រាស់។
នេះជាខ្យល់ព្យុះទ្រង់ទ្រាយធំលើកដំបូងបំផុតនៅក្នុងឈូងសមុទ្រ Bengal ចាប់តាំងពីឆ្នាំ១៩៩៩មក។ បើទោះបីកម្លាំងខ្យល់បានធ្លាក់ចុះក្តីប៉ុន្តែក៏ត្រូវបានចាត់ទុកជាព្យុះមានទ្រង់ទ្រាយធំបំផុតដែរ។
ដោយសារតែការឆ្លងរាលដាលនៃវីរុសកូវីដ-១៩ បានធ្វើឲ្យសកម្មភាពជួយសង្គ្រោះប្រឈមនឹងផលលំបាកយ៉ាងខ្លាំង ។
នៅតំបន់ Bengal និង Orissa ក្នុងប្រទេសឥណ្ឌា និង តំបន់ភាគខាងត្បូងប្រទេសបង់ក្លាដែស រងការបំផ្លាញខ្លាំងជាងគេដោយមានល្បឿនខ្យល់ដល់ទៅ១៨៥គីឡូម៉ែត្រក្នុងមួយម៉ោង។នៅក្នុងប្រទេសបង់ក្លាដែស មានអ្នកស្លាប់១០នាក់ និងនៅក្នុងរដ្ឋ Bengal ប្រទេសឥណ្ដា មានអ្នកស្លាប់១២នាក់។
សារព័ត៌មានBBC នៅថ្ងៃទី២១ ខែឧសភា បានដកស្រង់សម្តី លោកស្រី Mamata Banerjee មន្ត្រីក្នុងតំបន់Bengal ខាងលិចបានឲ្យដឹងថា ការបំផ្លាញដោយព្យុះKolkata គឺជាគ្រោះអាសន្ន ធំជាងកូវីដ-១៩ទៅទៀត។ លោកស្រីបន្តទៀតថា តំបន់ ទាំងមូលរងការបំផ្លាញស្ទើរតែទាំងស្រុង ។ លោកស្រីបន្តទៀតថា «ខ្ញុំបានឆ្លងកាត់នូវស្ថានភាពខ្យល់ព្យុះដូចជា ឆ្លងកាត់សង្គ្រាមអ៊ីចឹង»៕

ដោយ៖ធី រីណា


ចែករំលែក៖