ព័ត៌មានទាន់ហេតុការណ៍៖

លួចដុតផ្ទះកំពុងសាងសង់ អាចជាករណីសម្អប់ពីអ្នកភូមិផងរបងជាមួយ

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ មន្ត្រីជំនាញផ្នែកសណ្ដាប់ធ្នាប់ និងគ្រោះអគ្គិភ័យព្រមទាំងកងកម្លាំងប្រដាប់អាវុធបានប្រាប់អ្នកកាសែត នាល្ងាចថ្ងៃព្រហស្បតិ៍ ១៥រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២១ ខែឧសភា  ឆ្នាំ២០២០ តាមទូរស័ព្ទថា មានករណីអគ្គិភ័យឆាបឆេះលំនៅឋានកំពុងសាងសង់ ដែលគេសង្ស័យថាអាចមានអ្នកលួចដុត ។

 ប្រភពព័ត៌មានខាងលើបន្តថា ករណីគ្រោះអគ្គិភ័យដែលគេសង្ស័យមានអ្នកលួចដុតនេះបានបង្កការភ្ញាក់ផ្អើលឡើងនៅវេលាម៉ោងប្រមាណជាង៨យប់ ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០ ស្ថិតក្នុងភូមិតាំងគោក ឃុំតាលោ ស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់។ ម្ចាស់ផ្ទះត្រូវបានគេស្គាល់ឈ្មោះ ឡាង វិចិត្រ ភេទប្រុស អាយុ ៤២ឆ្នាំ ជនជាតិខ្មែរ និងប្រពន្ធឈ្មោះ ចាន់ ដា អាយុ ៣៥ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិ-ឃុំកើតហេតុ ។

 ប្រភពដដែលបន្តទៀតថា ផ្ទះដែលរងការឆាបឆេះនេះសង់អំពីឈើ និងថ្ម ដោយដំបូលប្រក់ក្បឿង ជញ្ជាំងបាំងក្ដារ រនាបក្រាលក្ដារ ជើងសសរចាក់បេតុង ហើយផ្ទះមានទំហំ ៦ម៉ែត្រ គុណនឹង ៨ម៉ែត្រ។ ចំណែកការខូចខាត៖ សសរចំនួន ៤ដើម ក្ដារជញ្ជាំងចំនួន ១៥សន្លឹក ក្ដារក្រាល(រនាប)ចំនួន ១៤សន្លឹក កុងផ្លាកេចំនួន ០៣សន្លឹក ថ្នាំលាបចំនួន ០១ធុង និងម៉ូទ័រឈូសឈើចំនួន ១គ្រឿង។

 ប្រភពខាងលើបញ្ជាក់បន្ថែមទៀតថា ផ្ទះដែលត្រូវគេលួចដុតនេះគឺឪពុកម្តាយធ្វើឲ្យកូនមិនទាន់ទាំងរួចរាល់ផង ហើយក៏គ្មានមនុស្សនៅដែរ។នៅចម្ងាយប្រមាណជិត ១០០ម៉ែត្រពីផ្ទះកើតហេតុ អាចមានជនឈ្នានីស ប៉ុន្តែម្ចាស់ផ្ទះបញ្ជាក់ថារូបគាត់និងកូនគាត់មិនដែលមានទំនាស់ជាមួយអ្នកជិតខាងឬក៏អ្នកភូមិនោះទេ ដែលករណីនេះសមត្ថកិច្ចកំពុងសហការស្រាវជ្រាវយ៉ាងមមាញឹកបំផុត ៕ ដោយ៖ បុឹម ពិន


ចែករំលែក៖