ព័ត៌មានទាន់ហេតុការណ៍៖

មេឃរលឹមស្រិចៗរន្ទះបាញ់គោងាប់អស់៦ក្បាល ម្ចាស់យំសោកបោកខ្លួន

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ យ៉ាងហោចណាស់ក៏មានសត្វគោញីឈ្មោលចំនួន ៦ក្បាល ដែរត្រូវបានរន្ទះបាញ់ងាប់គរជើងលើគ្នាគួរឱ្យរន្ធត់ ហើយម្ចាស់បានត្រឹមតែយំសោកស្ដាយ និងហួសចិត្តព្រោះនេះជាទុក្ខជាន់លើទុក្ខ ។

 ហេតុការណ៍គ្រោះធម្មជាតិរន្ទះបាញ់ឆក់យកជីវិតសត្វពាហនៈខាងលើនេះបានកើតឡើងនៅវេលាម៉ោង១២កណ្ដាលថ្ងៃត្រង់ ថ្ងៃសៅរ៍ ២កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២០ ត្រង់ចំណុចកោះយ៉ា ស្ថិតក្នុងភូមិក្បាលទាហាន ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។

 នគរបាលស្រុកក្រគរប្រាប់ថា នៅវេលាខាងលើផ្ទៃមេឃមានពណ៌ខ្មៅ និងមានភ្លៀងរលឹមស្រិចៗលាយឡំទៅដោយខ្យល់ ផ្គរ រន្ទះ ខណៈនោះស្រាប់តែមានផ្លេកបន្ទោរ និងរន្ទះបាញ់សត្វពាហនៈ(គោ)ញីឈ្មោល បណ្ដាលឲ្យងាប់ទាំងហ្វូង(៦ក្បាល)ដួលរដូករណែលលើវាលស្រែ។

 នគរបាលស្រុកដដែលប្រាប់បន្តថា ម្ចាស់សត្វពាហនៈ(គោ)ញីឈ្មោលដែលត្រូវរន្ទះបាញ់ងាប់ឈ្មោះ គង់ ហុង ភេទប្រុស អាយុ ៥៨ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្នរស់នៅភូមិតម្កៀបក្ដាម ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ គាត់ពិតជាមហាសែនសោកស្ដាយសត្វរបស់គាត់ណាស់ មិនគួរធម្មជាតិកំណត់មកលើក្រុមគ្រួសារពួកគាត់បែបនេះសោះ ប៉ុន្តែទោះជាយ៉ាងណាក្ដីនេះជាគ្រោះធម្មជាតិ ដែលកើតឡើងជាយថាហេតុ៕ ដោយ៖ បុឹម ពិន


ចែករំលែក៖