ព័ត៌មានទាន់ហេតុការណ៍៖

លោក ស៊ុន ចាន់ថុល៖ កុំឲ្យមានការធ្វេសប្រហែស និងភ្លេចខ្លួនចំពោះជំងឺកូវីដ-១៩

ចែករំលែក៖

ភ្នំពេញ៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល អញ្ជើញជិះកង់សាកសួរសុខទុក្ខប្រជាពលរដ្ឋនៅស្រុកកោះធំ ខេត្តកណ្ដាល ដើម្បីក្រើនរំលឹកពួកគាត់កុំឲ្យមានការធ្វេសប្រហែស និងភ្លេចខ្លួនចំពោះជំងឺកូវីដ-១៩ ។

សូមបញ្ជាក់ថា៖នៅ ថ្ងៃសៅរ៍ ២កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២០ លោក ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំគណៈប្រតិភូ និងមន្ដ្រីរាជការក្រសួងជិះកង់ចុះសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋ នៅក្នុងឃុំព្រែកថ្មី ឃុំព្រែកស្តី និងឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្តាល។

ការចុះជួបសំណេះសំណាល និងសាកសួរសុខទុក្ខនេះ ធ្វើឡើងក្នុងគោលបំណង ផ្សារភ្ជាប់ទំនាក់ទំនងរវាងថ្នាក់ដឹកនាំ មន្ដ្រីរាជការ និងប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ក៏ដូចជាស្វែងយល់អំពីជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ថាតើមានការរីកចម្រើនដល់កម្រិតណា ជាពិសេសស្វែងយល់អំពីជីវភាពរបស់ពួកគាត់ក្នុងស្ថានភាពមានជំងឺកូវីដ-១៩។

ថ្លែងទៅកាន់ប្រជាពលរដ្ឋដែលកំពុងរង់ចាំទទួលស្វាគមន៍នាឱកាសនោះ លោកទេសរដ្ឋមន្រ្តី បានក្រើនរំលឹកបងប្អូនប្រជាពលរដ្ឋកុំឱ្យមានការធ្វេសប្រហែស និងភ្លេចខ្លួនចំពោះជំងឺឆ្លងដ៏កាចសាហាវមួយនេះ ព្រមទាំងបានណែនាំពួកគាត់ឱ្យប្រកាន់ខ្ជាប់នូវក្បូនអនាម័យតាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីបញ្ចៀសការឆ្លងរីករាលដាលនូវជំងឺកូវីដ-១៩ នៅក្នុងមូលដ្ឋាន ក៏ដូចជាប្រទេសកម្ពុជាទាំងមូលផងដែរ។

គួរកត់សម្គាល់ថា៖ គិតរហូតមកទល់ពេលនេះ ឃុំស្ទើរតែទាំងអស់នៃស្រុកកោះធំ មានការអភិវឌ្ឍច្រើនលើវិស័យហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ដោយក្នុងនោះក្នុងឃុំនីមួយៗមានផ្លូវបេតុងខ្វាត់ខ្វែង និងលែងមានស្ពានឈើទៀតហើយ។

ជាមួយគ្នានោះផងដែរ លោកទេសរដ្ឋមន្ត្រី បាននាំយកក្រមា ម៉ាស់ ទឹកអាកុល និងសាប៊ូលាងដៃ ទៅចែកជូនបងប្អូនប្រជាពលរដ្ឋប្រមាណ ៤៤០ គ្រួសារ នៅភូមិទាំង១១ ស្ថិតក្នុងឃុំព្រែកថ្មី ឃុំព្រែកស្តី និងឃុំសំពៅពូន ស្រុកកោះធំ
ដើម្បីចូលរួមចំណែកក្នុងការបង្ការ និងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា៕ដោយ៖សិលា


ចែករំលែក៖