ព័ត៌មានទាន់ហេតុការណ៍៖

អាមេរិកបង្ហាញនាវាប្រើប្រព័ន្ធឡាស៊ែរ ដែលមានថាមពលខ្ពស់ អាចកម្ចាត់យន្តហោះនៅលើអាកាសបាន

ចែករំលែក៖

 

អាមេរិក៖ សេចក្ដីថ្លែងការណ៍មួយ បាននិយាយថា នាពេលថ្មីៗនេះ អាមេរិកបានបង្ហាញនាវាចម្បាំងមួយគ្រឿងឈ្មោះUSS Portland របស់កងទ័ពជើងទឹកអាមេរិក បានសាកល្បងដោយជោគជ័យ នូវអាវុធឡាស៊ែរដែលមានថាមពលខ្ពស់ថ្មី ដើម្បីចាត់ការយន្តហោះនៅលើអាកាសបាន អំឡុងពេលកំពុងហោះហើរ ។

វរនាវីឯក លោក Karrey Sanders មេបញ្ជាការក្រុង Portland បាននិយាយនៅក្នុងសេចក្ដីថ្លែងការណ៍ថា៖ «តាមរយៈការធ្វើទំនើបកម្មនៅឯសមុទ្រ ប្រឆាំងនឹងយន្តហោះគ្មានមនុស្សបើកនិងយន្តហោះធុនតូច យើងនឹងទទួលបានព័ត៌មានដ៏មានតម្លៃ ស្ដីពីសមត្ថភាពរបស់ប្រព័ន្ធអាវុធឡាស៊ែរកម្រិតខ្លាំង ប្រឆាំងនឹងការគំរាមកំហែងដែលអាចកើតមាន»។
កងទ័ពជើងទឹកបាននិយាយថា ឡាស៊ែរនេះអាចមានសមត្ថភាពកម្ទេចដ្រូនឬទូកតូចៗដែលប្រដាប់ដោយអាវុធ ។

ជាក់ស្តែងនៅក្នុងវីដេអូ ទិដ្ឋភាពទាំងនេះ បានបង្ហាញពីឡាស៊ែរដែលបានបាញ់ចេញពីលើនាវាចម្បាំង ហើយបន្ទាប់មកវាហាក់ដូចជាកម្ទេចអ្វីមួយ មើលទៅដូចជាដ្រូន។
កងទ័ពជើងទឹកមិនបានបញ្ជាក់ពីទីតាំងជាក់លាក់ នៃការធ្វើតេស្ដប្រព័ន្ធអាវុធឡាស៊ែរ (LWSD) ដោយគ្រាន់តែនិយាយថា វាប្រពឹ្រត្តឡើងនៅមហាសមុទ្រប៉ាស៊ីហ្វិក កាលពីថ្ងៃទី១៦ ខែឧសភា។

សូមជម្រាបថា ថាមពលនៃអាវុធនេះមិនត្រូវបានគេបង្ហាញឲ្យដឹងនោះទេ ប៉ុន្តែរបាយការណ៍ឆ្នាំ២០១៨ ពីវិទ្យាស្ថាន International Institute for Strategic Studies បាននិយាយថា គេរំពឹងថា នឹងមានវត្តមានឡាស៊ែរកម្លាំង១៥០គីឡូវ៉ាត់ ៕ដោយ៖ស តារា


ចែករំលែក៖