ខេត្តពោធិ៍សាត់៖ គ្រោះថ្នាក់ធម្មជាតិទៀតហើយនៅខេត្តពោធិ៍សាត់ ជាក់ស្ដែងបុរសម្នាក់បានសន្លប់ស្ដូកស្ដឹង ដោយរន្ទះបាញ់នៅគ្រាដែលគាត់កំពុងភ្ជួរដីស្រីក្បែរភូមិដោយគោយន្តកន្រ្តៃ ។
ហេតុការណ៍គ្រោះធម្មជាតិខាងលើ បានកើតឡើងនៅវេលាម៉ោង៤ និង៤៥នាទី រសៀលថ្ងៃអាទិត្យ ៣កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២០ ត្រង់ចំណុចដីស្រែ(ទួលល្វៀង) ស្ថិតក្នុងភូមិស្បូវរីក ឃុំលាច ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ។
លោក នាយប៉ុស្ដិ៍នគរបាលរដ្ឋបាលលាចប្រាប់ថា ជនរងរបួសឈ្មោះ សាន្ត សៅ ភេទប្រុស អាយុ ៣១ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅ ភូមិ ឃុំកើតហេតុខាងលើ គាត់បានរងរបួសធ្ងន់ដោយរន្ទះបាញ់ នៅពេលគាត់កំពុងភ្ជួរដីស្រែដោយគោយន្ត ខណៈនោះមេឃក៍បានធ្លាក់ភ្លៀងលាយឡំទៅដោយខ្យល់ ផ្គរ និងរន្ទះ ។
លោក នាយប៉ុស្ដិ៍រដ្ឋបាលបន្តថា មើលជាក់ស្ដែងលើខ្លួនប្រាណជនរងរបួសអត់ឃើញមានស្លាកស្នាមអ្វីទេ ប៉ុន្តែសន្លប់ស្ដូកស្ដឹង ហើយត្រូវបានបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់ ៕ ដោយ៖ បុឹម ពិន