ព័ត៌មានទាន់ហេតុការណ៍៖

សង្ស័យ​មានវិបត្តិផ្លូវចិត្ត​ទេីបនាងមកលោតទឹកពីលើស្ពានកោះប៉ែនទាំងយប់

ចែករំលែក៖

ខេត្ត​កំពង់ចាម​ ៖​ នារីពេញវ័យក្រមុំម្នាក់​ អាចសង្ស័យ​ថាមានវិបត្តិផ្លូវចិត្តហើយទើបដេីរ​តម្រង់មកលេីស្ពានកោះប៉ែនរួចលោតពីលេីស្ពានបំណងសម្លាប់ខ្លួន​ តែ​ត្រូវ​បាន​សមត្ថកិច្ច​ដែលល្បាតបំពេញ​ភារកិច្ច​ក្នុងមូលដ្ឋាន​ឃេីញ​ទាន់បានជួយ​អន្តរាគមន៍​ដឹកនាំមក​សង្គ្រោះ​នៅមន្ទីរពេទ្យ​​ រួចអប់រំ​ ណែនាំ​ថែមទាំងជួយជាថវិកាដេីម្បីរស់បន្ត​ទៅមុខទៀត​ ។ 

ហេតុ​ការណ៍​នេះ​កេីតឡេីង​កាលពីវេលា​ម៉ោង២២យប់ថ្ងៃទី២៤​ ខែ​ ឧសភា​ ឆ្នាំ​២០២០​  ស្ថិតក្នុងភូមិព្រែកដើមចាន់ សង្កាត់សំបួរមាស ក្រុងកំពង់ចាម ខេត្តកំពង់ចាម​ ។ 

លោកវរសេនីយ៍ឯក អ៉ឹង ប៊ុន​ អធិការ​នគរបាលក្រុងកំពង់ចាមបានឱ្យដឹងថា​ ជាធម្មតា​កម្លាំង​សមត្ថកិច្ច​របស់លោក​តែងតែបំពេញ​ភារកិច្ច​ចុះល្បាតក្នុងភូមិ​សាស្ត្រក្រុងកំពង់ចាមជានិច្ច លុះនៅ​វេលាយប់ថ្ងៃកើតហេតុនេះពេលល្បាតមកដល់ចំណុចស្ពានកោះប៉ែន ស្ថិតក្នុងភូមិព្រែកដើមចាន់ សង្កាត់សំបួរមាស ក្រុងកំពង់ចាម ខេត្តកំពង់ចាម ពីដើមស្ពានខាងលិចចម្ងាយប្រហែល១00ម៉ែត្រ ស្រាប់តែឃើញមនុស្សស្រីម្នាក់លោតពីលើស្ពានកោះប៉ែន ។ ឃេីញ​ដូច្នេះ​កម្លាំង​ សមត្ថកិច្ច​បានដឹកមកសង្គ្រោះនៅមន្ទីរ​ ពេទ្យ​ ។ 

លោកវរសេនីយ៍ឯក អ៉ឹង ប៊ុន បន្តថា​ ករណីនេះ​លោកបានចុះផ្ទាល់ បញ្ជាឱ្យកម្លាំងល្បាតនៅគោលដៅនោះ សហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលសំបួរមាស កម្លាំងប៉ុស្តិ៍រដ្ឋបាលវាលវង់​ កម្លាំងប្រជាការពារ និងប្រជា​ពលរដ្ឋជួយ ធ្វើអន្តរាគមន៍សង្គ្រោះស្រង់អ្នករងគ្រោះ ហើយឱ្យបញ្ជូនជនរងគ្រោះ តាមរថយន្តរបស់អធិការ​ដ្ឋានទៅសង្គ្រោះនៅមន្ទីរពេទ្យខេត្តកំពង់ចាមបានទាន់ពេលវេលា ។

លោកអធិការឱ្យដឹងទៀតថា​ អ្នករងគ្រោះឈ្មោះ ទ្រី សុខហេង អាយុ២១ឆ្នាំ ស្នាក់នៅបន្ទប់ជួល​ក្នុងភូមិទី២​ សង្កាត់​វាលវង់  ក្រុងកំពង់ចាម ខេត្តកំពង់ចាម។

ចំពោះមូលហេតុ​ លោកអធិការពុំទាន់ដឹងច្បាស់លាស់ ប៉ុន្តែ​លោកគ្រាន់តែដាក់ការ​ សង្ស័យ​ថាអាចមាន​វិបត្តិ​ផ្លូវ​ចិត្ត​ណាមួយមិន​ខាន​ ។ លោកថា​ នារីរងគ្រោះពុំទាន់និយាយកើត និងគ្មានសាច់ញាតិនៅក្បែរ(មានមិត្តភក្តិម្នាក់នៅមើលថែ)។ លោកអធិការបានជូនថវិកាមួយចំនួន ដើម្បីដោះស្រាយបន្ទុកខ្លះ និងកំពុងផ្សព្វផ្សាយរកសាច់ញាតិ ។

បច្ចុប្បន្ន ជនរងគ្រោះកំពុងសម្រាកព្យាបាលតាមដានជំងឺនៅមន្ទីរពេទ្យខេត្តកំពង់ចាម ៕​ ដោយ​ ៖​ វណ្ណៈ


ចែករំលែក៖