ព័ត៌មានទាន់ហេតុការណ៍៖

យកបន្តោងខ្សែកកាឡៃបន្លំជាគ្រឿងអលង្ការមានតម្លៃយកទៅបញ្ចាំម្ចាស់ដឹងប្តឹងសមត្ថកិច្ចឱ្យចាប់ខ្លួន

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង ៖ ជនសង្ស័យម្នាក់ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួនបន្ទាប់ពីម្ចាស់ហាងប្តឹងសមត្ថកិច្ចក្រោយពីរកឃើញថាជនសង្ស័យបានយកគ្រឿងអលង្ការក្លែងក្លាយយកមកបញ្ចាំ កាលពីវេលាម៉ោង៧និង៣០នាទី ថ្ងៃទី២៤ ខែឧសភាឆ្នាំ២០២០នៅភូមិតាំងគ្រង ឃុំក្រាំងល្វា ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ។ 

  សមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យដែលត្រូវឃាត់ខ្លួននេះមានឈ្មោះ ប៉ិច ភារៈ ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅភូមិជំទាវជ្រែង ឃុំក្រាំងល្វា ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។ ដោយឡែកម្ចាស់ទីតាំងបញ្ចាំមានឈ្មោះ អុឹត សារឹម ភេទស្រី អាយុ ៣៨ឆ្នាំ រស់នៅភូមិតាំងគ្រង ឃុំក្រាំងល្វា ស្រុកសាមគ្គីមានជ័យ ។

  សមត្ថកិច្ចបានឱ្យដឹងទៀតថា នៅមុនពេលកើតហេតុជនសង្ស័យបានយកបន្តោងខ្សែកមកបញ្ចាំកន្លែងឈ្មោះ អុឹត សារឹម ពេលមកដល់ជនសង្ស័យបានហុចបន្តោងខ្សែក ខណៈនោះម្ចាស់ហាងមិនទាន់បានយកទៅថ្លឹងភ្លាមនោះទេ បានយកទៅដុតមើលស្រាប់តែឃើញបន្តោងខ្សែកនោះមិនមែនជាបន្តោងខ្សែកមាសឡើយតែជាបន្តោងស្ពាន់។ ពេលឃើញដូចនេះម្ចាស់ហាងក៏ប្តឹងទៅសមត្ថកិច្ចឱ្យចាប់ខ្លួនតែម្តង ។ ពេលនេះជនសង្ស័យត្រូវសមត្ថកិច្ចនគរបាលស្រុកសាមគ្គីមានជ័យកសាងសំណុំរឿងបញ្ជូនមកស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំងដើម្បីចាត់ការបន្តទៅតាមនីតិវិធី ។ចន្ថា


ចែករំលែក៖