បច្ចុប្បន្នចំនួនអ្នកឆ្លងកូវីដ-១៩នៅលើពិភពលោកបន្តកើនឡើងខ្ពស់ ជារៀងរាល់ថ្ងៃ។ តាមគេហទំព័រ Worldometer គិតត្រឹមម៉ោង១០ ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០ មានអ្នកឆ្លងកើនឡើងដល់ទៅ ៥. ៤៩៨. ៥៨០នាក់ និងស្លាប់កើនឡើងដល់៣៤៦. ៦៨៨នាក់ ។ អាមេរិក និងប្រេស៊ីលជាប្រទេសនាំមុខគេបង្អស់ពីចំនួនអ្នកឆ្លង ។
ដោយឡែកប្រទេសចិនមានអ្នកឆ្លងកូវីដ-១៩មុនគេបង្អស់ តែនៅពេលនេះចិនមិនមានអ្នកឆ្លងក្នុងប្រទេសឡើយ។ គណៈកម្មការសុខាភិបាលជាតិរបស់ចិន បានប្រកាសថា រយៈពេល៣ថ្ងៃចុងក្រោយ នៅក្នុងប្រទេសចិន បានរកឃើញករណីឆ្លងថ្មី នៃកូវីដ-១៩តែ១១ករណីប៉ុណ្ណោះ ហើយករណីថ្មីនេះក៏មិនមែនកើតនៅក្នុងប្រទេសនេះដែរ។
ប្រភពព័ត៌មានដដែលបានបញ្ជាក់ថា ករណីឆ្លងថ្មីនៃកូវីដ-១៩ ទាំង១១ករណីនេះទៀតសោត គឺចម្លងមកពីប្រភពខាងក្រៅទាំងអស់។ ក្នុងនោះ ១០ករណី រកឃើញនៅតំបន់ម៉ុងហ្គោលី និងមួយករណី រកឃើញនៅភាគនិរតីខេត្តស៊ីឈួន (Sichuan)។
គណៈកម្មការសុខាភិបាលជាតិរបស់ចិន ក៏បានបញ្ជាក់ថា មានអ្នកជំងឺត្រូវបានព្យាបាលជាសះស្បើយថ្មី ចំនួន៤០ករណី។ ប៉ុន្ដែអ្នកជំងឺដែលបានឆ្លង មិនបង្ហាញរោគសញ្ញាឡើយ បើធៀបនឹងរយៈពេល៣៦ថ្ងៃមុន។ ចំនួនករណីសរុបដែលបានកើតឡើងនៅលើចិនដីគោក មានចំនួន ៨២. ៩៨៥ នាក់ ក្នុងនោះចំនួនអ្នកស្លាប់៤. ៦៣៤ នាក់។
សូមជម្រាបថា ជំងឺកូវីដ-១៩ បានផ្ទុះឡើងដំបូងនៅទីក្រុងវូហាន ខេត្តហ៊ូប៉ី នាភាគកណ្តាល នៃប្រទេសចិន កាលពីអំឡុងខែធ្នូ ឆ្នាំ២០១៩ ។ ប៉ុន្ដែបើគិតមកទល់នឹងថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០ វីរុសកូវីដ-១៩ ត្រូវបានអង្គការសុខភាពពិភពលោក អះអាងថាមិនទាន់រកថ្នាំព្យបាល ឬវ៉ាក់សាំងការពារជាក់លាក់បាននៅឡើយ។ វីរុសដ៏កាចសាហាវនេះ បានឆ្លងរាលដាលពាសពេញដែនដី និងប្រទេសសរុប២២៩ នៅជុំវិញពិភពលោក ៕
ដោយ៖ធី រីណា