ខេត្តសៀមរាប ៖ កម្លាំងសមត្ថកិច្ចចម្រុះកាលពីរសៀលថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២០បានសហការចុះបង្ក្រាបបទល្មើសសត្វព្រៃនៅអាហារដ្ឋានចំនួន ៣ ទីតាំងនៅសង្កាត់ស្លក្រាមក្រុង-ខេត្តសៀមរាប ក្រោយទទួលព័ត៌មានថា អាហារដ្ឋានទាំងនេះបានយកសាច់សត្វព្រៃមកធ្វើម្ហូបអាហារលក់ជូនភ្ញៀវ មិនញញើតច្បាប់។
សមត្ថកិច្ចបញ្ជាក់ថា អាហារដ្ឋានទាំង៣កន្លែងដែលត្រូវចុះបង្ក្រាបរួមមាន១-អាហារដ្ឋានម្លប់មហាហេង ស្ថិតនៅភូមិទ្រាំងសង្កាត់ស្លក្រាម ក្រុងសៀមរាប ដោយរឹបអូសបានសត្វទោមងាប់ចំនូន ១១ក្បាល លលកងាប់ចំនួន ៥០ក្បាល និងចាបស្រូវងាប់ចំនួន ២៣០ក្បាល។
២- អាហារដ្ឋានថារីម៉ាក់ប្រាង្គ ស្ថិតនៅភូមិទ្រាំង សង្កាត់ស្លក្រាម ក្រុងសៀមរាប ដោយរឹបអូសបានសាច់ជ្រូកព្រៃស្រស់ចំនួន ៣គីឡូក្រាម លលកទ្រាំងងាប់ចំនួន ៣៧ក្បាល ចាបស្រូវងាប់ចំនួន ១៥០ក្បាល និងក្រួចអ៉ឺតងាប់ចំនួន ១០ក្បាល។
៣- អាហារដ្ឋានសម្រស់ម្លប់ម៉ាក់ប្រាង្គថ្មី ស្ថិតនៅភូមិទ្រាំង សង្កាត់ស្លក្រាម ក្រុងសៀមរាប ដោយរឹបអូសបានសាច់អន្សងស្រស់ចំនួន ៣.៣០គីឡូក្រាម សាច់ជ្រូកព្រៃស្រស់ចំនួន ៥.៣០គីឡូក្រាម ចាបស្រូវងាប់ចំនួន ៨០ក្បាល លលកបាយងាប់ចំនួន ១០ក្បាល និងអណ្តើកស្រែងាប់ ១ក្បាល ស្មើនឹង ០.៨០គីឡូក្រាម។
ក្រោយបង្រ្កាបបានវត្ថុតាងដែលរឹបអូសបានទាំងអស់ត្រូវបានកម្លាំងជំនាញយកទៅកប់បំផ្លាញចោលនៅថ្នល់ និងបានព្រមានម្ចាស់ហាងឲ្យបញ្ឈប់សកម្មភាពបែបនេះតទៅទៀត បើពុំដូច្នោះទេអាចប្រឈមមុខចំពោះមុខច្បាប់៕ដោយ÷ប្រាថ្នា