ព័ត៌មានទាន់ហេតុការណ៍៖

តាស្លាប់ចៅ២នាក់រងរបួសធ្ងន់ ខណៈរថយន្តឡិចស៉ីសបើកធ្វេសប្រហែសបុកម៉ូតូជនរងគ្រោះពេញទំហឹង

ចែករំលែក៖

ខេត្តស្ទឹងត្រែង៖ តានិងចៅ៣នាក់ជិះម៉ូតូឌុបគ្នា ត្រូវរថយន្តឡិចស៉ីសLX470 បើកបុកពេញទំហឹង ខណ:កំពុងបើកបរបញ្ច្រាសទិសគ្នា បណ្តាលឲ្យតាស្លាប់ ចៅពីរនាក់រងរបួសធ្ងន់ ត្រូវបានរថយន្តសាមុយដឹកយកមកសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្ត។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៨ៈ១៥នាទីយប់ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២០ នៅលើកំណាត់ផ្លូវជាតិលេខ៧ ឆ្ពោះទៅព្រំដែនឡាវ ត្រង់ចំណុចព្រៃចាស់ ភូមិគីឡូលេខ៨ សង្កាត់សាមគ្គី ក្រុង-ខេត្តស្ទឹងត្រែង។

បើតាមសមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុរថយន្តឡិចស៉ីសLX470 ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ2j-2899 បើកបរដោយឈ្មោះស្រីនាង ភេទស្រី អាយុ២៨ឆ្នាំ រស់នៅភូមិសៀមប៉ាង ឃុំសេកុង ស្រុកសៀមប៉ាង ក្នុងទិសដៅពីត្បូងទៅជើង បានវាក់នឹងម៉ូតូហុងដាឌ្រីមពណ៌ខ្មៅ ស៊េរីឆ្នាំ២០១០  ពាក់ស្លាកលេខស្ទឹងត្រែង1B-2674 បើកបរដោយជនរងគ្រោះឈ្មោះសំ អន ភេទប្រុស អាយុ៥៥ឆ្នាំ មុខរបរកសិករ រស់នៅភូមិឃុំកើតហេតុខាងលើក្នុងទិសដៅពីជើងទៅត្បូង។

សមត្ថកិច្ចបន្តថា  ដោយរថយន្តបានបើកបរខ្វះការប្រុងប្រយ័ត្ន បានរំលោភមកលើផ្លូវម៉ូតូទើបបណ្តាលឲ្យបុកម៉ូតូដែលជិះគ្នា៣នាក់យ៉ាងពេញទំហឹង ធ្វើឲ្យស្លាប់ភ្លាមៗបុរសឈ្មោះសំ អន ត្រូវជាជីតា និងចៅ២នាក់រងរបួសធ្ងន់ត្រូវបានរថយន្តសង្គ្រោះដឹកយកទៅមកសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្ត។

ចំណែកសាកសពត្រូវបានប្រគល់ជូន ក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។ ចំណែកតៃកុងបើកបរថយន្តបង្ក ត្រូវបាននាំខ្លួនមកស្នងការដ្ឋាននគរបាលខេត្តភ្លាមៗ រួមទាំងរថយន្តនិងម៉ូតូ ក៏ត្រូវបានដឹកយកមករក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក ដើម្បីចាត់ការតាមនិីតិវិធីច្បាប់៕ដោយមាស សុផាត


ចែករំលែក៖