ខេត្តប៉ៃលិន៖ រថយន្តសាំយ៉ុង១គ្រឿង បើកបរវ៉ារថយន្តធំដែលគេចតទុកនៅប្របដងផ្លូវ បានជ្រុលទៅបុកម៉ូតូមួយគ្រឿងដែលកំពុងបើកជែងរថយន្ត១គ្រឿងទៀត ក្នុងទិសដៅច្រាសគ្នាយ៉ាងពេញទំហឹងបណ្តាលឱ្យស្លាប់ម្នាក់ និងរងរបួសធ្ងន់ម្នាក់ ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៣និង៣០នាទីរសៀលថ្ងៃអាទិត្យ ៣កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២០នៅត្រង់ចំណុចចម្ការដើមចន្ទក្រឹស្នា ក្នុងភូមិប៉ាងរលឹម សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន ដែលបណ្តាលអោយមានមនុស្សរបួសធ្ងន់ម្នាក់និងស្លាប់ម្នាក់រងការខូចខាតរថយន្តមធ្យម០១គ្រឿងនិងខូចខាតម៉ូតូ០១គ្រឿង ។
ប្រភពព័ត៌មានបានឱ្យដឹងថា អ្នកបើកបររថយន្ត មាន ឈ្មោះ ឈឿន អូន ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិខ្មែរ (គ្មានរបួស) បើករថយន្តម៉ាកសាំយ៉ុង ពណ៌បៃតងចាស់ ផលិតឆ្នាំ1999 ពាក់ស្លាកលេខភ្នំពេញ 2N-4077 (ខូចខាតមធ្យម) និងអ្នករួមដំណើរ ឈ្មោះ ឆន់ ស្រីដា អាយុ២២ឆ្នាំ ភេទស្រី ទាំង២នាក់ រស់នៅភូមិដីក្រហម សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន (គ្មានរបួស)។
ប្រភពបន្តទៀតថា ចំណែកអ្នកបើកបរម៉ូតូ មាន ឈ្មោះ សំ ប្រិមប្រិយ ភេទប្រុស អាយុ ២៩ឆ្នាំ ជនជាតិខ្មែរ (ស្លាប់នៅនឹងកន្លែង) បើកបរម៉ូតូម៉ាក (Honda wave) ពណ៌ខ្មៅលាយស គ្មានស្លាកលេខ (ខូចខាតមធ្យម) មិនពាក់មួកសុវត្ថិភាព រីឯអ្នករួមដំណើរមាន ឈ្មោះ សុង ហ៊ាន ភេទប្រុស អាយុ២៨ឆ្នាំ ទាំងពីរនាក់ រស់នៅភូមិកូនខ្លុង ឃុំព្រែកតូច ស្រុកមោងឫស្សី ខេត្តបាត់ដំបង (រងរបួសធ្ងន់) មិនពាក់មួកសុវត្ថិភាព ។
ប្រភពព័ត៌មានពីនគរបាលបានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញម៉ូតូ១គ្រឿងជិះគ្នា២នាក់ក្នុងទិសដៅពីលិចទៅកើត ដោយអត់ពាក់មួកសុវត្ថិភាពទាំងអស់គ្នា ហើយក៏បើកជែងរថយន្ត១គ្រឿង ស្របពេលនោះ មានរថយន្តសាំយ៉ុង១គ្រឿងទៀត បើកបរក្នុងទិសដៅពីកើតទៅលិច ក្នុងល្បឿនលឿនបានបើកជែងរថយន្តធំ១គ្រឿងដែលខូច ត្រូវម្ចាស់ចតទុកចោលនៅប្របចិញ្ចើមផ្លូវ ក៏បុកគ្នាចំពីមុខពេញទំហឹង បណ្តាលឱ្យស្លាប់និងរងរបួសធ្ងន់តែម្តង ។ ក្រោយកើតហេតុ ម៉ូតូ និងរថយន្ត ត្រូវបានកម្លាំងនគរបាលចរាចរណ៍អូសយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍នៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន រង់ចាំដោះស្រាយ ។ ចំណែកជនរងគ្រោះ ត្រូវគេបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យខេត្តបាត់ដំបង ហើយសពម្នាក់ទៀត ត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕ ស សារ៉េត