ព័ត៌មានទាន់ហេតុការណ៍៖

ក្មេងប្រុសបីនាក់លួចបេះទុរេនគេ១ផ្លែ ម្ចាស់តាមទាន់ ទារសំណង១ពាន់ដុល្លារ

ចែករំលែក៖

ខេត្តកំពត ៖ ក្មេងប្រុសជំទង់បីនាក់ ត្រូវម្ចាស់ចម្ការទុរេនដេញចាប់ យកមកប្រគល់ឲ្យកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាល កំពង់ត្រាចខាងលិច ដោយសារលួចបេះផ្លែទុរេនគេ១ផ្លែ ទម្ងន់ប្រមាណ២គីឡូក្រាម។ នៅឯប៉ុស្តិ៏នគរបាលម្ចាស់ចម្ការបានទារសំណងរហូតដល់១ពាន់ដុល្លារ។

ពួកក្មេងៗទាំងបីនាក់ បានចូលលួចទុរេន១ផ្លែ កាលពីព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០ ត្រង់ចំណុចចម្ការទុរេនមួយកន្លែង ស្ថិតក្នុងភូមិសាស្ត្រភ្នំវល្លិ៍ ជាប់ព្រំប្រទល់រវាងខេត្តកែប និងខេត្តកំពត។

មន្ត្រីនគរបាលប៉ុស្តិ៍ បានឲ្យដឹងថា កាលពីវេលាខាងលើ ក្មេងជំទង់បីនាក់រួមមាន ៖

ទី១-ឈ្មោះ ល ត ភេទប្រុស អាយុ១៦ឆ្នាំ ជាសិស្ស ,២-ឈ្មោះ ស ឯ ភេទប្រុស អាយុ១៦ឆ្នាំ ជាសិស្ស និងទី៣-ឈ្មោះ ស ច ភេទប្រុស អាយុ១៥ឆ្នាំ ជាសិស្ស អ្នកទាំងបីមានទីលំនៅភូមិកណ្តាលទួល ឃុំកំពង់ត្រាចខាងលិច ស្រុកកំពង់ត្រាច បាននាំគ្នាទៅស៊ីឈ្នួលបេះម្រេចឲ្យគេនៅភូមិសាស្ត្រកើតហេតុ។ លុះបន្តិចក្រោយមក ក្មេងប្រុសទាំងបីនាក់ បានជិះម៉ូតូបំណងទៅចាក់សាំង ហើយក៏ឃើញផ្លែទុរេនក្នុងចម្ការគេក្បែរនោះ ក៏ចូលទៅលួចបេះ១ផ្លែ បំណងហែកចែកគ្នាហូប ស្រាប់តែម្ចាស់គេឃើញ ក៏ស្រែកឆោឡោតែម្ដង។

សមត្ថកិច្ចបានបន្តថា ពេលដឹងថាម្ចាស់គេឃើញក្មេងទាំងបីនាក់ក៏ជិះម៉ូតូឌុបគ្នាគេចខ្លួន តែត្រូវអ្នកយាមចម្ការទុរេនដេញតាមរហូតមកដល់ផ្ទះរបស់ក្មេងទាំងបី នាក់នៅភូមិកណ្តាលទួល ឃុំកំពង់ត្រាចខាងលិច ស្រុកកំពង់ត្រាច ខេត្តកំពត ហើយចាប់ប្រគល់ជូនសមត្ថកិច្ចឲ្យជួយចាត់ការ ខណៈម្ចាស់ចម្ការទុរេនទារសំណងផ្លែទុរេនមួយផ្លែ គឺ ១ពាន់ដុល្លារ ស្មើនឹង ៤,០០០,០០០រៀល ឯណោះ។

បច្ចុប្បន្ន ក្មេងប្រុសជំទង់បីនាក់ដែលពាក់ព័ន្ធនឹងករណីលួចផ្លែទុរេនគេ១ផ្លែ សមត្ថកិច្ចកំពុងចាត់ការតាមនីតិវិធី។

ទាក់ទិននឹងរឿងរ៉ាវខាងលើ មតិមហាជនជាច្រើនបានលើកឡើងថា ករណីចោរកម្ម គឺជាបទល្មើសមួយដែលត្រូវចាត់ការតាមផ្លូវច្បាប់ដោយមិនអាចលើកលែង។ ប៉ុន្តែករណីចោរកម្មតូចតាច ត្រឹមតែលួចបេះផ្លែទុរេនគេ១ផ្លែ ទម្ងន់មិនបាន២គីឡូក្រាមផង បែរជាម្ចាស់ចម្ការទារសំណងរហូតដល់ទៅ១ពាន់ដុល្លារអាមេរិក គិតទៅទុរេនមួយផ្លែដូចជាថ្លៃពេកហើយ៕ហេង សូរិយា


ចែករំលែក៖