ខេត្តពោធិ៍សាត់៖ ដោយមានការសម្របសម្រួលពីលោកព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តពោធិ៍សាត់ កម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស ខេត្តពោធិ៍សាត់ និងកម្លាំងមូលដ្ឋានស្រុកវាលវែង បានសហការជាមួយមន្ត្រីបរិស្ថាន ចុះត្រួតពិនិត្យ និងបង្រ្កាបបទល្មើសធនធានធម្មជាតិ(កន្លែងសិប្បកម្មកែច្នៃឈើ)សង្ស័យគ្មានលិខិតអនុញ្ញាត ដោយបានដកហូតនូវវត្ថុតាង(ឈើ និងឧបករណ៍កែច្នៃ)ផងដែរ ដើម្បីយកមកបន្តនីតិវិធី ។
ករណីបង្រ្កាបកន្លែងសិប្បកម្មកែច្នៃឈើខាងលើ ធ្វើឡើងនៅវេលាម៉ោង១២ និង០៣នាទី ថ្ងៃអាទិត្យ ៣កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២០ ត្រង់ចំណុចរោងសិប្បកម្មពីរកន្លែងផ្សេងគ្នា ស្ថិតក្នុងភូមិក្រពើពីរ ឃុំក្រពើពីរ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ។
ប្រភពព័ត៌មានពីកម្លាំងចុះបង្រ្កាបបានប្រាប់ថា លទ្ធផលគឺដកហូតបាននូវវត្ថុតាងរួមមាន ឈើអារប្រភេទលេខ២(វល្លិយោង.ខ្វាវ និងរាជកុល)សរុបចំនួន ៩៧ដុំ ស្មើនឹងចំនួន ៦,២០៥ម៉ែត្រត្រីគុណ និងតាបវាលចំនួន ១គ្រឿងផងដែរ ចំណែកឯជនប្រព្រិឹត្តបានរត់គេចបាត់ ។
ប្រភពដដែលបន្តទៀតថា វត្ថុតាង(ឈើ និងឧបករណ៍)ដែលកម្លាំងសមត្ថកិច្ចរិឹបអូសដកហូតទាំងអស់ បានប្រគល់ជូនមន្រ្តីបរិស្ថាន ស្នាក់ការដែនជម្រកសត្វព្រៃភ្នំសំកុស រក្សាទុក និងចាត់ចែងបន្តនីតិវិធី ៕ ដោយ៖ បុឹម ពិន