ហ្វីលីពីន៖ យោងតាមការដកស្រង់ចុះផ្សាយដោយទីភ្នាក់ងារព័ត៌មានReuters ពលករហ្វីលីពីននៅបរទេស (OFWs) គឺជាអ្នករកលុយច្រើនផ្គត់ផ្គង់សេដ្ឋកិច្ចហ្វីលីពីន ហើយក៏ជាក្រុមដែលលោក ឌុយទែរតេ យកចិត្តទុកដាក់គាំទ្រផងដែរ។ ចំណូលជាង៣០ពាន់លានដុល្លារដែលពួកគេបញ្ចូលមកប្រទេសវិញ គឺជាកម្លាំងស្នូលជំរុញសេដ្ឋកិច្ចហ្វីលីពីន និងផ្គត់ផ្គង់ជីវភាពសមាជិកគ្រួសារពួកគេនៅស្រុកកំណើតរាប់លាននាក់។
ដោយឡែកអ្នកនាំពាក្យលោក រ៉ូឌ្រីហ្គោ ឌុយទែរតេ ប្រធានាធិបតីហ្វីលីពីនបានបញ្ជាក់នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០ថា លោកប្រធានាធិបតី បានបញ្ជាឲ្យពួកគេ (មន្ត្រី) អាចប្រើប្រាស់ធនធានរដ្ឋាភិបាលទាំងអស់ និងមធ្យោបាយធ្វើដំណើរបែបណាក៏ដោយ ដូចជារថយន្តក្រុង យន្តហោះ នាវាដើម្បីដឹកពលករហ្វីលីពីននៅបរទេសមកផ្ទះពួកគេវិញ»។
លោក រ៉ូឌ្រីហ្គោ ឌុយទែរតេ ប្រធានាធិបតីហ្វីលីពីន បានសម្រេចទុកពេលឲ្យមន្ត្រីរដ្ឋបាលលោករយៈពេលមួយសប្តាហ៍ ដើម្បីដំណើរការនីតិវិធីបញ្ជូនពលករហ្វីលីពីនប្រមាណ ២៤០០០នាក់ ដែលជាប់គាំងរាប់សប្ដាហ៍លើនាវាទសចរណ៍ ឬមណ្ឌលធ្វើចត្តាឡីស័ក និងនៅបរទេស អាចត្រលប់មកស្រុកកំណើតវិញបាន។
ក្រៅពីពលករធ្វើការនៅបរទេស ពលករហ្វីលីពីនរាប់ពាន់នាក់ទៀត កំពុងជាប់លើនាវាទេសចរណ៍ដែលអណ្តែតរសាត់លើឆ្នេរសមុទ្រក្រុងម៉ានីល ឬជាប់គាំងក្នុងសណ្ឋាគារ និងមណ្ឌលសុខភាពដែលមានមនុស្សណែនណាន់តាន់តាប់។ អ្នកខ្លះបានធ្វើតេស្ត COVID-19 ហើយមានលទ្ធផលអវិជ្ជមាននិងបញ្ចប់ការធ្វើចត្តាឡីស័កតាមកំណត់១៤ថ្ងៃរួចរាល់។ ក៏ប៉ុន្តែពួកគេពុំទាន់អាចមកស្រុកវិញព្រោះគ្មានការសម្របសម្រួលពីរដ្ឋាភិបាល។
ម្យ៉ាងទៀត រដ្ឋាភិបាលហ្វីលីពីន ក៏កំពុងត្រៀមលក្ខណៈទទួលពលកររាប់ម៉ឺននាក់បន្ថែមត្រលប់មកប្រទេសកំណើតវិញដោយសារពួកគេបាត់បង់ការងារនៅបរទេស ដ្បិតជំងឺ COVID-19 កំពុងបំផ្លិចបំផ្លាញសេដ្ឋកិច្ចនៅទូទាំងពិភពលោក។
គួរបញ្ជាក់ថា ពលរដ្ឋហ្វីលីពីនជាង៣ម៉ឺននាក់ បានត្រលប់មកប្រទេសកំណើតវិញ ហើយមនុស្ស៥១៥នាក់ក្នុងចំណោមអ្នកធ្វើតេស្ត COVID-19 សរុប ២៧០០០នាក់ មានលទ្ធផលតេស្តវិជ្ជមាន គិតត្រឹមថ្ងៃទី២០ខែឧសភា។ បច្ចុប្បន្ន ហ្វីលីពីន មានករណីឆ្លងសរុបជាង១៤ ០០០ករណីខណៈអ្នកស្លាប់មាន ៨៦៨នាក់៕ដោយ៖ស តារា