ខេត្តមណ្ឌលគិរី ៖ នៅព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២០ មន្រ្តីឧទ្យានុរក្សដែនជម្រកសត្វព្រៃភ្នំណាមលៀរ បានចុះប្រតិបត្តិការដកបង្គោលអនាធិបតេយ្យចំនួន១៣បង្គោល ដែលជនមិនស្គាល់មុខបានលួចបោះនិងដាក់ដាំក្នុងបំណងហ៊ុមព័ទ្ធយកដីធ្វើជាកម្មសិទ្ធិ នៅចំណុចភូមិសាស្រ្តភូមិពូឡេះ ឃុំដាក់ដាំ ស្រុកអូររាំង ខេត្តមណ្ឌលគិរី ក្នុងដែនជម្រកសត្វព្រៃភ្នំណាមលៀរ។ ករណីនេះ មន្រ្តីឧទ្យានុរក្សកំពុងស្រាវជ្រាវ និងកំណត់អត្តសញ្ញាណដើម្បីចាត់ការតាមនីតិវិធី។
មួយរយៈនេះឃើញសកម្មភាព ការងាររបស់មន្ត្រីក្រសួងបរិស្ថានបានយកចិត្តទុកដាក់ ទប់ស្កាត់ការបរបាញ់សត្វព្រៃ ការពារព្រៃឈើ ការពារតំបន់អភិរក្ស ហើយនៅថ្ងៃទី២៥ ឧសភា ២០២០ នេះ រាជរដ្ឋាភិបាលកម្ពុជា បានចេញអនុក្រឹត្យបង្កើតតំបន់បេតិកភណ្ឌធម្មជាតិចំនួន៩តំបន់ (ខេត្តបាត់ដំបងមាន៣តំបន់ ខេត្តបន្ទាយមានជ័យមាន៦តំបន់) តាមសំណើរបស់ក្រសួងបរិស្ថាន៕ដោយ៖សុខ ខេមរា