ព័ត៌មានទាន់ហេតុការណ៍៖

Update៖ ប្លន់ម៉ូតូបានហេីយត្រូវនគរបាលខណ្ឌពោធិ៍សែនជ័យចាប់បាន៣នាក់ពេលយប់ លុះព្រឹកឡេីងបន្តចាប់បក្ខពួក៤នាក់បន្ថែមទៀត

ចែករំលែក៖

ភ្នំពេញ ៖ កម្លាំងជំនាញអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យសហការជាមួយនគរបាលប៉ុស្តិ៍កាកាបទី២​ និងកាកាបទី១​  បានបេីកប្រតិបត្តិការបង្ក្រាបជនសង្ស័យជាមុខសញ្ញាឆក់និងប្លន់យ៉ាងសកម្មក្នុងរាជធានីចាប់ខ្លួនបានចំនួន៣នាក់និងម៉ូតូចំនួន៥គ្រឿងក្រោយពីពួកគេធ្វេីសកម្មភាពប្លន់យកម៉ូតូពីជនរងគ្រោះម្នាក់កាលពីវេលាម៉ោង១២និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០ នៅតាមផ្លូវបេតុង ភូមិចំការឪឡឹក២ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ ។លុះព្រឹកឡេីងក៏បន្តតាមចាប់បក្ខពួកចំនួន៤នាក់បន្ថែមទៀតសរុបបាន៧នាកនិងម៉ូតូ៦គ្រឿង។ 

ជនសង្ស័យដែលឃាត់ខ្លួនបានទាំង៧នាក់នោះមានទី១- ឈ្មោះ ជា​ វណ្ណដេត​ ភេទប្រុស អាយុ១៥ឆ្នាំ មានទីលំនៅភូមិត្រពាំងល្វា​  សង្កាត់កាកាប១ ខណ្ឌពោធិសែនជ័យ ។ ទី២-ឈ្មោះ ឡៃ​ មករា ភេទប្រុស អាយុ១៥ឆ្នាំ ស្នាក់នៅផ្ទះក្បែរគ្នា ។ ទី៣- ខេម​ និស្ស័យ​ ភេទប្តុសអាយុ១៧ឆ្នាំ​ មុខរបរសិស្ស​ ស្នាក់នៅភូមិបឹងក្រពេី​ ឃុំបែកចាន​ ស្រុកអង្គស្នួល​ ខេត្តកណ្តាល​ ។

ទី៤-ឈ្មោះ​បាន​ ភត្ត្រា​ ភេទប្រុសអាយុ១៧ឆ្នាំ​ មុខរបរជាងចម្លាក់ ស្នាក់នៅភូមិចំការឳឡឹក​១​ សង្កាត់កាកាបទី២​ ខណ្ឌពោធិ៍សែនជ័យ​។ 

ទី៥-ឈ្មោះ​ មិត្ត​ សុវណ្ណនុត​ ភេទប្រុសអាយុ២១ឆ្នាំ​ មុខរបរសិស្ស​ ស្នាក់នៅភូមិ​ គោកចំបក់​ សង្កាត់ចោមចៅទី១​ ខណ្ឌពោធិ៍សែនជ័យ​។ 

ទី៦​-ឈ្មោះស៊ុន​ សុខរក្សា​ ភេទប្រុសអាយុ១៥ឆ្នាំមុខរបរសិស្ស​ ស្នាក់នៅភូមិទឹកថ្លា​ សង្កាត់ទឹកថ្លា​ ខណ្ឌសែនសុខ​។ 

ទី៧-ឈ្មោះសឿន​ សុវណ្ណ​ មករា​ ភេទប្រុសអាយុ​ ១៥ឆ្នាំ មុខរបរមិនពិតប្រាកដ​ ស្នាក់នៅខណ្ឌទួលគោក។ 

រីឯវត្ថុតាងដែលចាប់យកមានម៉ូតូ៥គ្រឿង​ ដោយ ៤គ្រឿងជារបស់ជនសង្ស័យ និងមួយគ្រឿងជារបស់ជនរងគ្រោះ ។

ម៉ូតូដែលចាប់យកនោះមាន ម៉ាកbeat ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1HS-3298 , ម៉ាកហុងដា សេ១២៥ ស៊េរីឆ្នាំ២០១៩ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ស្ពឺ 1I-8704 , ម៉ាក ហុងដា សេ១២៥ ស៊េរីឆ្នាំ២០១៤ ពាក់ស្លាកលេខ កំពង់ចាម 1D-5656 ,ម៉ាកហុងដា សេ១២៥ ស៊េរី២០១២ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BF-6375 និងម៉ាកនិច​ ពណ៌ស​ ពាក់ស្លាកលេខភ្នំពេញ1AQ 6134 ។ 

ចំណែកម៉ូតូរបស់ជនរងគ្រោះ ម៉ាក ហុងដា សេ១២៥ ស៊េរីឆ្នៃាំ២០១៦ ឡើងតែម២០១៨ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1FZ-2262 ជនសង្ស័យបានកាច់ស្លាកលេខបាត់ហើយ ។ 

ចំណែកឯជនរងគ្រោះ ឈ្មោះ យ៉ា រស្មី ភេទប្រុស អាយុ១៩ឆ្នាំ មានទីលំនៅ ភូមិកិត្តប្បញ្ញោ សង្កាត់សំរោងក្រោម ខណ្ឌពោធិសែនជ័យ ។

សមត្ថកិច្ចបានឱ្យដឹងថា​ មុនពេលកេីតហេតុ​ ជនរងគ្រោះបានស្គាល់គ្នាជាមួយនារី២នាក់តាមរយៈហ្វេសប៊ុកសង្ស័យជាបក្ខពួក ជាធ្នាក់ របស់ក្រុមជនសង្ស័យ។ នារីទាំង២នាក់នោះ បានឲ្យជនរងគ្រោះ ទៅឌុបពួកគេពីមុខព្រលានយន្តហោះពោធិចិនតុង ឆ្ពោះទៅផ្ទះជនរងគ្រោះ នៅវេលារំលងអធ្រាត ឈានចូលថ្ងៃទី២៧ ខែឧសភា។លុះឌុបនារីទាំង២នាក់ ទៅដល់ខាងលិចប៉ុស្តិ៍កាកាបទី២ ស្រាប់តែមានម៉ូតូជនសង្ស័យចំនួន៨គ្រឿង ប្រដេញទៅតាមស្ទាក់ធាក់ប្លន់យកម៉ូតូបានសម្រេចហើយ នារី២នាក់សង្ស័យជាបក្ខពួកចោរប្លន់ បានគេចខ្លួនបាត់ជាមួយក្រុមជនដៃដល់ នៅសល់តែជនសង្ស័យម្នាក់ឈ្មោះ ឡៃ មករា រត់មិនទាន់ ផ្អើលទាំងកម្លាំងនគរបាលប៉ុស្តិ៍កាកាប២ ដឹកនាំដោយលោក ភា ប្រុស នាយប៉ុស្តិ៍រដ្ឋបាល ចាប់ខ្លួនបាន នាំទៅសាកសួរ។បន្ទាប់មក កម្លាំងជំនាញខណ្ឌពោធិ៍សែនជ័យ និងកម្លាំងប៉ុស្តិ៍កាកាបទី១ រួមសហការគ្នា តាមចាប់ខ្លួនជនសង្ស័យភ្លាមៗ បាន២នាក់បន្ថែមទៀត សរុប៣នាក់ ដកហូតបានម៉ូតូ៥គ្រឿង ក្នុងនោះមួយគ្រឿង ជារបស់ជនរងគ្រោះ តែត្រូវជនសង្ស័យកាច់ស្លាកលេខចោល ដែលកំពុងសម្ងំលាក់ខ្លួននៅក្នុងភូមិប៉ប្រ៉កជើង ។

លុះមកដល់ព្រឹកថ្ងៃទី២៧ខែឧសភា​  សមត្ថកិច្ចបន្តតាមចាប់បក្ខពួកចំនួន៤នាក់បន្ថែមទៀតនិងម៉ូតូមួយគ្រឿងនៅក្នុងផ្ទះសំណាក់មួយកន្លែង​ ក្នុងភូមិប៉ប្រកត្បូង​ សង្កាត់កាកាបទី១​ ខណ្ឌពោធិ៍សែនជ័យ​   

ជនសង្ស័យទាំងអស់ ក្រោយពីកម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ បង្ក្រាបចាប់ខ្លួនបាន រួមជាមួយវត្ថុតាង បាននាំទៅសាកសួរនៅផ្នែកជំនាញខណ្ឌដើម្បីកសាងសំណុំរឿងតាមនីតិវិធី ៕ដោ​យ​ សុខាសែនជ័យ​


ចែករំលែក៖