ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលការិយាល័យប្រឆាំងការជួញដូរមនុស្ស ឃាត់ខ្លួនស្ត្រី២នាក់ដែលប្រើក្មេងៗ៦នាក់ឱ្យដើរសុំទាននៅចំណុចផ្សារឈូកមាស

ចែករំលែក៖

ភ្នំពេញ៖ នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០ នេះ នគរបាលការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន សហការជាមួយអាជ្ញាធរខណ្ឌសែនសុខ បានឃាត់ខ្លួនស្រ្តី២នាក់ និងរំដោះក្មេងៗ៦នាក់ ពាក់ព័ន្ធបទល្មើសកេងប្រវ័ញ្ចកម្លាំងពលកម្មលើកុមារ តាមរូបភាពប្រើក្មេងៗឱ្យដើរសុំទាននៅចំណុច ផ្សារឈូកមាស សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ ។

សមត្ថកិច្ច អះអាងថា ជនសង្ស័យមានឈ្មោះ ឆែ ធឿន អាយុ៥៨ឆ្នាំ និង ឈ្មោះ នួន ទូច អាយុ២៨ឆ្នាំ ។ សមត្ថកិច្ច បន្តថា មុនឈានដល់ការឃាត់ខ្លួនស្ត្រីសង្ស័យទាំង២នាក់ គឺសមត្ថកិច្ចបានធ្វើការស្រាវជ្រាវជាច្រើនថ្ងៃរហូតឈានដល់ការឃាត់ខ្លួនតែម្តង ។ 

ជនសង្ស័យទាំង២នាក់ បានសារភាពថា ជារៀងរាល់ព្រឹក គឺពួកគេបានដឹកក្មេងៗ តាមរយៈឡំប្រឺតា ឬ ម៉ូតូកង់៣ មកដាក់នៅផ្សារឈូកមាស ដើម្បីដើរសុំទាននៅក្នុងផ្សារ រហូតដល់ម៉ោង៥ទៅម៉ោង៦ល្ងាច ទើបដឹកក្មេងៗទាំងនោះទៅឱ្យដេកនៅវត្ត ម្ដុំឈូកវ៉ាវិញ ។ ក្នុងនោះ ក្មេងម្នាក់ៗក្នុង១ថ្ងៃ អាចសុំទានបានលុយពី២ម៉ឺនរៀលទៅ៤ម៉ឺនរៀល រួចយកមកចែកគ្នា។

បច្ចុប្បន្នស្រ្តីសង្ស័យទាំង២នាក់ កំពុងត្រូវបានសមត្ថកិច្ច ចាត់ការបន្តតាមនីតិវិធី ។ ចំណែកកុមារទាំង៦នាក់ ត្រូវបានសមត្ថកិច្ចប្រគល់ជូនមន្ទីរសង្គមកិច្ច រាជធានីភ្នំពេញយកទៅថែរក្សា ៕

ដោយ៖ចេស្ដា


ចែករំលែក៖