ព័ត៌មានទាន់ហេតុការណ៍៖

ស៊ីឈ្នួលបើកគ្រឿងចក្រឈូសឆាយចម្ការឲ្យគេ ប៉ះចំគ្រាប់កាំភ្លើងផ្លោង៨២ម.មផ្ទុះរបួសធ្ងន់២នាក់

ចែករំលែក៖

ខេត្តប៉ៃលិន-យោងតាមរបាយការណ៍របស់មន្ត្រីជំនាញនៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិនបានឲ្យដឹងថាមានបុរស២នាក់បានរងរបួសធ្ងន់ ខណ:ដែលបានទៅស៉ីឈ្នួលបើកបរគ្រឿងចក្រ(អេស្ការ៉ាទ័រ)កាយដីនឹងថ្មឈូសឆាយ ពង្រាបដីចម្ការឲ្យមន្ត្រីយោធាម្នាក់ ស្រាប់តែប៉ះគ្រាប់ផ្លោង១គ្រាប់ជាប្រភេទគ្រាប់ដេកា៨២ម.មបន្សល់ទុកកាលពីសម័យសង្រ្គាមបណ្តាលឲ្យផ្ទុះកក្រើកភូមិ រងរបួសធ្ងន់ទាំង២នាក់តែម្តង។

ឧប្បត្តិហេតុនេះបានកើតឡើងកាលពីវេលាម៉ោង៤និង៤០នាទីរសៀលនាទីថ្ងៃពុធ ៦កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស .២៥៦៤ ត្រូវនឹងថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០ នៅចំណុចផ្លូវចូលទៅរមណីយដ្ឋានចម្ការខ្នុរ ស្ថិតក្នុងភូមិបរហ៊ុយត្បូង សង្កាត់បរយ៉ាខា ក្រុងប៉ៃលិន ខេត្តប៉ៃលិន។

ក្នុងរបាយការណ៍នោះបានឲ្យដឹងជនរងគ្រោះទី១ដែលជាអ្នកបើកបរគ្រឿងចក្រមាន ឈ្មោះ ណារ៉ុន តេត្រា ភេទប្រុសអាយុ៣៤ឆ្នាំ សញ្ជាតិខ្មែរ រស់នៅភូមិវាលទ្រា ឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង (រងរបួសធ្ងន់) និងជនរងគ្រោះទី២ជាអ្នកមើលការខុសត្រូវឲ្យម្ចាស់ចម្ការឈ្មោះ វង់ សំណាងហៅម៉ូម ភេទប្រុស អាយុ៣៤ឆ្នាំ សញ្ជាតិខ្មែរ រស់នៅភូមិអូរតាពុកក្រោម សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន  រងរបួសធ្ងន់ដូចគ្នា។

បន្ទាប់ពីកើតហេតុភ្លាមម្ចាស់ចម្ការបានហៅរថយន្តសង្គ្រោះរបស់មន្ទីរពេទ្យបង្អែកខេត្តដឹកជនរងគ្រោះទាំង២នាក់យកទៅព្យាបាល តែពេលដឹកមកដល់មន្ទីរពេទ្យខេត្តដោយសារបុរសជាអ្នកបើកបររបួសធ្ងន់ពេកក៏បានបញ្ជូនបន្តទៅព្យាបាលនៅមន្ទីរពេទ្យខេត្តបាត់ដំបង។ចំណែកគ្រឿងចក្រ (អេស្កាវ៉ាទ័រ រងការខូចខាតស្រាលប៉ុណ្ណោះ។

តាមការបញ្ជាក់ពីសមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថាជនរងគ្រោះទាំងពីរនាក់ជាកម្មករបើកអេស្កាទ័រ បានស៊ីឈ្នួលធ្វើការគាស់កាយដី និងឈូសឆាយពង្រាបដីចម្ការឲ្យម្ចាស់ចម្ការឈ្មោះ នុត សឿន រស់នៅភូមិអូរតាពុកលើ សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន។ លុះមកដល់ពេលវេលាកើតហេតុខាងលើក៏ស្រាប់តែផ្ទុះគ្រាប់ផ្លោងប្រភេទ ៨២ ម.មបណ្តាលឲ្យរបួសតែម្តង ។

យ៉ាងណាក្រោយពី ហេតុការណ៍នេះកើតឡើងលោកស្នងការនគរបាលខេត្តប៉ៃលិនបានដឹកនាំកម្លាំងចុះទៅពិនិត្យមើលទីតាំងកើតហេតុ ឃើញថា គ្រាប់ដែលផ្ទុះគឺមានចំនួន ១គ្រាប់ និងឃើញមានគ្រាប់ដែលនៅសេសសល់លើដីចំនួន២គ្រាប់ទៀតជាប្រភេទគ្រាប់ដេកា៨២ម.មនិងបំណែកគ្រាប់ចំនួន១កំណាត់មានផ្ទុករំសេវនៅលើថ្មដែលគ្រាប់នេះបន្សល់ទុកកាលពីសម័យសង្រ្គាមមកម្ល៉េះ។គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះទាំងនេះត្រូវបានកម្លាំងជំនាញប្រមូលទុកដើម្បីប្រគល់ឲ្យអង្គការស៊ីម៉ាក់យកទៅកម្ទេចចោលនៅពេលខាងមុខ៕ដោយ÷ស សារ៉េត


ចែករំលែក៖