ព័ត៌មានទាន់ហេតុការណ៍៖

ដេញកាប់ឪពុកម្តាយមិនបានទៅកាប់ស្ត្រីដើរតាមផ្លូវរងរបួស រត់ទៅសម្ងំក្នុងព្រៃត្រូវកម្លាំងសមត្ថកិច្ចតាមឃាត់ខ្លួនបាន

ចែករំលែក៖

ភ្នំពេញ ៖ យុវជនម្នាក់ដោយសារប្រើប្រាស់ថ្នាំញៀនរហូតវង្វេងស្មារតីបង្កអុកឡុកក្នុងក្រុមគ្រួសារ និងអ្នកភូមិដោយ គេប្រើដាវ ដំបង ដេញកាប់ដេញវាយឪពុកម្តាយមិនបានសម្រេច បែរជាទៅកាប់ស្ត្រីម្នាក់ដែលកំពុងដើរតាមផ្លូវ បណ្តាលឲ្យរងរបួសធ្ងន់ រួចហើយជនដៃដល់បានរត់ទៅសម្ងំលាក់ខ្លួនក្នុងព្រៃ ធ្វើឱ្យផ្អើលដល់ប្រជាពលរដ្ឋ និងកម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ កម្លាំងប្រជាការពារតាមចាប់ខ្លួនបាន កាលពីវេលាម៉ោង៦និង៣០នាទីព្រឹក ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០ នៅក្នុងភូមិត្រពាំងធ្នង់ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ ។

ជនសង្ស័យឈ្មោះ ឈិន សៅ ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរ មិនពិតប្រាកដ ធ្លាប់ជាប់មណ្ឌលកែប្រែ មានឪពុកឈ្មោះ ឆុន ឈិន អាយុ៥៣ឆ្នាំ មុខរបរ កសិករ មានបងប្អូន៣នាក់ ប្រុសទាំងអស់ ជនសង្ស័យជាកូនទី២ រស់នៅផ្ទះកន្លែងកើតហេតុ ។

ចំណែកជនរងគ្រោះ ឈ្មោះ ស៊ុន កក ភេទស្រី អាយុ៦៣ឆ្នាំ មុខរបរកម្មការិនីរោងចក្រ ជាស្ត្រីមេម៉ាយ មានកូនប្រុស៣នាក់ រស់នៅក្នុងភូមិកើតហេតុជាមួយគ្នា ។

តាមប្រភពនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុ ជនសង្ស័យធ្លាប់គំរាមកាប់អ្នកភូមិ ក្រុមគ្រួសារ ឪពុកម្តាយ ច្រើនលើកច្រើនសាមកហើយ។ លុះមកដល់ព្រឹកថ្ងៃទី២៩ ខែឧសភា នេះ ជនសង្ស័យប្រដាប់ដោយដាវ ដំបង គំរាមកាប់ឪពុកម្តាយ តែមិនបានសម្រេចព្រោះពួកគាត់នាំគ្នាប្រឹងរត់គេច។ ស្របពេលនោះស្ត្រីរងគ្រោះកំពុងដើរឆ្លងកាត់មុខផ្ទះរបស់ជនសង្ស័យក្នុងបំណងទៅធ្វើការនៅឯរោងចក្រនោះ ស្រាប់តែជនសង្ស័យស្ទុះមកកាប់ និងវាយលើស្ត្រីរងគ្រោះបណ្តាលឲ្យរបួសក្បាល និងដៃ ធ្ងន់ធ្ងរ ហូរឈាមកក្លាក់ វង្វេងបាត់ស្មារតី ក្នុងបំណងសម្លាប់ចោលតែមិនស្លាប់ ហើយជនសង្ស័យបានរត់គេចទៅសម្ងំក្នុងព្រៃឫស្សីមុខផ្ទះបាត់ទៅ ។

ស្ត្រីរងគ្រោះ ក្នុងសភាពរបួសធ្ងន់ធ្ងរត្រូវបានបងប្អូនប្រជាពលរដ្ឋស្នើសុំរថយន្តសង្គ្រោះរបស់អង្គភាព៧១១ កងពលតូចលេខ៧០ ដឹកបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុមៈ ហើយកម្លាំងនគរបាល កម្លាំងប្រជាការពារ ពលរដ្ឋក្នុងភូមិ នាំគ្នាចេញធ្វើអន្តរាគមន៍តាមស្វែងរកជនសង្ស័យដែលរត់ទៅសម្ងំក្នុងព្រៃអស់រយៈពេល៣០នាទីក្រោយមកទើបឃាត់ខ្លួនបាន ។

ជនសង្ស័យក្នុងសភាពញៀនថ្នាំ បាននិយាយថា រូបគេខឹងនឹងកូនប្រុសរបស់ស្ត្រីរងគ្រោះចេះធ្វើអំពើ (ផ្លូវងងឹត) បានធ្វើឲ្យរូបគេវង្វេង ទើបរូបគេគុំចាំកាប់ស្ត្រីរងគ្រោះជាម្តាយ ក្នុងបំណងសម្លាប់ចោល តែម្តង ។

ជនសង្ស័យត្រូវបានកម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យចាប់ខ្លួនរួមជាមួយវត្ថុតាង នាំទៅសាកសួរនៅប៉ុស្តិ៍ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅផ្នែកជំនាញខណ្ឌ ៕សុខា សែនជ័យ


ចែករំលែក៖