ព័ត៌មានទាន់ហេតុការណ៍៖

ជំងឺរាតត្បាតកូវីដ-១៩ និងគ្រោះរាំងស្ងួតធ្វើឲ្យពលរដ្ឋថៃជិត១៥លាននាក់អត់ការងារធ្វើ

ចែករំលែក៖

ថៃបានបន្ធូរបន្ថយច្បាប់រិឹតត្បិតជាបន្តបន្ទាប់ ប៉ុន្តែក៏មិនអាចផ្តល់ការងារធ្វើដល់ពលរដ្ឋបានច្រើននោះដែរ ដោយក្រុមហ៊ុនធំៗនៅបន្តបិទទ្វារនៅឡើយ។ ទន្ទឹមនឹងការឆ្លងកូវីដ-១៩ប្រជាកសិករថៃប្រឈមនិឹងគ្រោះរាំងស្ងួតមិនអាចដំាដុះបានដូចរាល់ឆ្នាំ។
មន្ត្រីទទួលបន្ទុកផែនការសេដ្ឋកិច្ចជាតិបានឲ្យដឹងថា ជំងឺរាតត្បាតកូវីដ-១៩ និងគ្រោះរាំងស្ងួតនៅក្នុងប្រទេសនេះ បានធ្វើឲ្យមនុស្សសរុប ១៤,៤ លាននាក់ប្រឈមនឹងការអត់ការងារធ្វើ។ ក្នុងចំណោម ១៤,៤ លាននាក់ មាន ៨,៤ លាននាក់ ប្រឈមនឹងការបាត់បង់ការងារធ្វើ គឺ ២,៥ លាននាក់នៅក្នុងវិស័យទេសចរណ៍, ១,៥ លាននាក់នៅក្នុងវិស័យឧស្សាហកម្ម និង ៤,៤ លាននាក់ផ្នែកសេវាកម្ម ។ រីឯវិស័យទេសចរណ៍ថៃ មានបុគ្គលិកបម្រើការសរុបប្រហែល ៣,៩ លាននាក់ ខណៈវិស័យឧស្សាហកម្ម មានបុគ្គលិកបម្រើការប្រហែល ៥,៩ លាននាក់ ។
ជាមួយគ្នានេះក្នុងវិស័យសេវាកម្ម, សាលារៀន, ផ្សារទំនើប, ពហុកីឡដ្ឋាន ឬហាងប្រណីតៗ ត្រូវបានប៉ាន់ប្រមាណថា បុគ្គលិកបម្រើការ សរុបមានប្រហែល ១០,៣ លាននាក់ ។ វិស័យកសិកម្មបច្ចុប្បន្ននេះ មានអ្នកអត់ការងារធ្វើរហូតដល់ ៣៧០.០០០ នាក់ ជាចំនួនខ្ពស់បំផុតរយៈពេល៧ឆ្នាំមកនេះ។ កសិករប្រហែល៦លាននាក់រងផលប៉ះពាល់ដោយគ្រោះរាំងស្ងួត។

លោក Thosaporn Sirisamphand អគ្គលេខាធិការក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម (NESDC) បានថ្លែងថា ក្រៅពីផលប៉ះពាល់ដោយផ្ទាល់ពីកូវីដ-១៩ គ្រោះរាំងស្ងួតដែលចាប់ផ្តើម កាលពីពាក់កណ្តាលឆ្នាំមុន ហើយបន្តរហូតមកដល់ត្រីមាសទីមួយឆ្នាំនេះ ក៏ជាលទ្ធផលបណ្តាលឲ្យពលរដ្ឋបាត់បង់ការងារធ្វើនៅក្នុងវិស័យកសិកម្មផងដែរ៕ធី រីណា


ចែករំលែក៖