ខេត្តពោធិ៍សាត់៖ កម្លាំងចម្រុះស្រុកក្រគរសរុបប្រមាណចំនួន ២៣នាក់ និងត្រាក់ទ័រ១គ្រឿង បានសហការគ្នាចុះរុញបង្គោលរបងឈើបំផ្លាញចោលដែលគេសង្ស័យជាការរំលោភយកដីព្រៃសហគមន៍ដោយធ្វើការឈូសឆាយនិងបោះបង្គោលហ៊ុមព័ទ្ធពីសំណាក់ជនខិលខូច ។
ហេតុការណ៍កម្លាំងចម្រុះចុះរុញបង្គោលរបងខាងលើ ធ្វើឡើងពេញមួយព្រឹកនាថ្ងៃព្រហស្បតិ៍ ៧កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០ កន្លងទៅនេះ នៅតំបន់ដីព្រៃសហគមន៍ត្រង់ចំណុចចំបក់ផ្អែម ស្ថិតក្នុងភូមិបំណក់ ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។
តាមរបាយការណ៍របស់កម្លាំងសហការចុះធ្វើការងារទប់ស្កាត់ និងបង្រ្កាប ការរំលោភពីសំណាក់ជនខិលខូចមួយក្ដាប់តូចខាងលើ គឺចាប់ផ្ដើមធ្វើឡើងពីម៉ោង៨ រហូតដល់ម៉ោង១១ព្រឹកថ្ងៃដដែល ទើបសម្រេចនូវការងារនោះ ហើយបានធ្វើកំណត់ហេតុជូនថ្នាក់លើដើម្បីរង់ចាំបន្តនីតិវិធី ៕ ដោយ៖ បុឹម ពិន