ភ្នំពេញ៖ ឈ្មួញទុចរិតមិនបានគិតដល់បញ្ហាគ្រោះថ្នាក់ជីវិតប្រជាពលរដ្ឋនោះឡើយ តាមរយៈការធូរលុងពីសមត្ថកិច្ចមាត់ច្រក ពួកគេនាំចូលនូវបង្គាខូចគុណភាពចូលកម្ពុជា យ៉ាងសម្រុកតាមច្រកព្រែកចាក ខេត្តកំពត។
សមត្ថកិច្ចបានអោយដឹងថា៖ បង្គាមានចាក់ចាហួយ ដែលបណ្តាលអោយប៉ះពាល់ដល់សុខភាពអ្នកបរិភោគ ជាច្រេីនតោន ត្រូវបានមន្ត្រីជំនាញនៃអគ្គនាយកដ្ឋាន ការពារអ្នកប្រេីប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ កបប (កាំកុងត្រូល) ធ្វេីការឃាត់ទុកក្នុងការដឹកជញ្ជូនក្នុងបទល្មើសជាក់ស្តែង។
ប្រតិបត្តិការធ្វេីការបង្ក្រាប និងឃាត់ទុកនេះ ត្រូវបានធ្វេីឡេីង នៅព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០នេះ ក្រោយមន្ត្រីជំនាញនៃអគ្គនាយកដ្ឋាន ការពារអ្នកប្រេីប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (កាំកុងត្រូល) សហការជាមួយនិងសមត្ថកិច្ចនៃនគរបាលស្នងការរាជធានីភ្នំពេញ ធ្វេីការឃាត់នូវរថយន្តចំនួន៣គ្រឿង ដែលកំពុងចរាចរណ៍ នៅតាមបណ្តោយផ្លូវជាតិលេខ៣ និងលេខ៤ ក្នុងគោលដៅនាំចូលនូវផលិតផលគ្រឿងសមុទ្រ មកក្នុងរាជធានីភ្នំពេញ ដេីម្បីដាក់លក់ក្នុងទីផ្សារ ។
យោងតាមការអោយដឹងពីលោក ប៊ុន ចំរេីន អគ្គនាយករងនៃអគ្គនាយកដ្ឋាន ការពារអ្នកប្រេីប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ កបប (កាំកុងត្រូល) បានអោយដឹងថា ៖ បង្គាដែលមានចាក់ចាហួយ ត្រូវបានឃាត់ទុកនៅពេលនេះ ត្រូវបានឈ្មួញខិលខូច នាំចូលពីប្រទេសវៀតណាម ចូលមកប្រទេសកម្ពុជា តាមច្រកអន្តរជាតិ ព្រែកចាក ខេត្តកំពត ដោយគ្មានលិខិតស្នាម ក្នុងការនាំចូលត្រឹមត្រូវតាមច្បាប់នោះទេ ។
ក្រោយធ្វេីការដកហូត មន្ត្រីជំនាញ បានរៀបចំបែបបទសំនុំឯកសារ ជាមួយឈ្មួញនាំចូល បញ្ជូនទៅកាន់ព្រះរាជអាជ្ញា ដេីម្បីអនុវត្តតាមនីតិវិធីច្បាប់។
ក្រៅពីបង្គា ក៏អាចមានគ្រឿងក្នុងសត្វ ប្រហិត ក្រួច ស្លាបមាន់ បង្កង ដែលមានលួចនាំចូលភាគច្រើន មានសារធាតុគីមី សូមបងប្អូនជនរួមជាតិមានការប្រុង ប្រយ័ត្ន ហើយសមត្ថកិច្ច និងជំនាញជម្រុញការទប់ស្កាត់ បង្ក្រាបអោយមានប្រសិទ្ធភាពផង៕ដោយ៖ សិលា