ភ្នំពេញ៖ អនុប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញមួយរូបសុំមិនបញ្ចេញឈ្មោះ បានបញ្ជាក់ថា ករណីស្ត្រីម្នាក់ បានចូលសម្រាលកូននៅក្នុងមន្ទីរសម្រាកព្យាបាលនិងសម្ភព អុីលីត បានពីរថ្ងៃក៏ស្រាប់តែស្លាប់នោះ គឺនៅរសៀលថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០នេះ ខាងជំនាញមន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានចុះទៅត្រួតពិនិត្យសាកសពនៅកន្លែងកើតហេតុ។ ប៉ុន្តែមិនដឹងថាយ៉ាងម៉េចនោះទេ ស្រាប់តែខាងសម្ភព អុីលីត និងក្រុមគ្រួសារជនរងគ្រោះនាំគ្នាចរចាដោយស្ងាត់ៗត្រូវរ៉ូវគ្នា ឮថាខាងជនរងគ្រោះទទួលយកសំណងបញ្ចប់រឿង ផ្ទុយពីនីតិវិធីច្បាប់ទៅវិញ ។ ក្រោយមកក៏ទទួលដំណឹងថា ខាងមន្ទីរសម្រាកព្យាបាលនិងសម្ភពអុីលីត បានឱ្យដឹកសាកសពចេញទៅតែម្តង ដោយមិនរាយការណ៍ប្រាប់មកខាងមន្ទីរសុខាភិបាលនោះទេ ។ ជុំវិញករណីខាងលើនេះ ខាងមន្ទីរនឹងមានវិធានការចុះទៅស៉ើបអង្កេតស្រាវជ្រាវបន្ត ដោយសារតែមន្រ្តីជំនាញមិនទាន់បានធ្វើកោសល្យវិច័យសាកសពដើម្បីពិនិត្យរកឱ្យឃើញពីការស្លាប់នេះ។
សូមបញ្ជាក់ថា៖ ករណីមន្ទីរសម្រាកព្យាបាលនិងសម្ភព អុីលីត ដែលមានមនុស្សស្លាប់ខាងលើនេះ បានកើតឡើងនៅវេលាម៉ោង៩និង៣០នាទីព្រឹក ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០ ត្រង់ចំណុចមន្ទីរខាងលើ ផ្ទះលេខ៤៤៨ ផ្លូវលេខ៧C សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
បើតាមការរៀបរាប់ពីសាច់ញាតិជនរងគ្រោះ បានឲ្យដឹងថា៖ ជនរងគ្រោះមានឈ្មោះ លី រដ្ឋា ភេទស្រី អាយុ៣៤ឆ្នាំ មានស្រុកកំណើតនៅ ឃុំទឹកថ្លា ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។
ប្រភពដដែលបានបន្ដថា៖ កាលពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០ថ្មីៗនេះ ជនរងគ្រោះបានចូលមកសម្រាលកូននៅមន្ទីរពេទ្យយីហោ”អុីលីត” ប៉ុន្តែដោយសារសម្រាលកូនតាមបែបធម្មជាតិមិនកើត ទើបក្រុមគ្រូពេទ្យធ្វើការវះកាត់ សម្រាលបានកូនប្រុស។ ក្រោយពីធ្វើការវះកាត់បានពីរថ្ងៃ ដោយក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យមួយនេះ មានការធ្វេសប្រហែសមិនបានដាក់សុងទឹកនោមឲ្យជនរងគ្រោះក៏បណ្តាលឱ្យស្លាប់។
ពាក់ព័ន្ធករណីខាងលើនេះលោក ម៉ៅ សាវឿន នាយប៉ុស្ដិ៍នគរបាលរដ្ឋបាលសង្កាត់ស្ទឹងមានជ័យទី១ បានប្រាប់ភ្នាក់ងារ «នគរដ្រេហ្គន»ឲ្យដឹងដែរថា ៖ ក្រោយទទួលបានព័ត៌មាននេះរូបលោក និងមន្ត្រីប៉ុស្ដិ៍បានចុះដល់ទីតាំងកើតហេតុ តែដោយភាគីខាងមន្ទីរពេទ្យនិងសាច់ញាតិជនរងគ្រោះបានសម្របសម្រួលគ្នាដោយមិនមានការប្ដឹងផ្ដល់ ទើបលោកមិនបានធ្វើរបាយការណ៍អ្វីទាំងអស់ ។
ដោយឡែកលោក ម៉េង វិមានតារា អធិការនគរបាលខណ្ឌមានជ័យ បានឲ្យដឹងនៅរសៀលថ្ងៃទី២៩ ខែឧសភានេះថា“ដោយសារតែលោកជាប់ប្រជុំ ដូច្នេះមិនបានក្ដាប់ព័ត៌មានច្បាស់ ចឹងសូមសាកសួរទៅខាងជំនាញកោសល្យវិច័យរាជធានីភ្នំពេញទើបដឹងច្បាស់ជាង ” ។
ក្រោយពីធ្វើការសម្របសម្រួលគ្នាចប់ សពជនរងគ្រោះត្រូវបានសាច់ញាតិក្រុមគ្រួសារដឹកចេញពីមន្ទីរពេទ្យយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើត៕
សូមបញ្ជាក់ថា៖ ម្ចាស់មន្ទីរសម្រាកព្យាបាលនិងសម្ភព អុីលីត មិនទុកឱ្យជំនាញពិនិត្យ ធ្វើកោសល្យវិច័យលើសាកសព ស្មើនឹងបំផ្លាញភ័ស្តុតាង មានបទល្មើសព្រហ្មទណ្ឌ ។ ទោះខាងក្រុមគ្រួសារជនរងគ្រោះព្រមទទួលយកសំណងរដ្ឋប្បវេណីក៏ពិតមែន តែនៅពិនិត្យលើបច្ចេកទេសព្យាបាល មានគោរពតាមវិជ្ជាជីវៈឬអត់ បើធ្វើផ្ទុយពីច្បាប់អាចខាងជំនាញដកអាជ្ញាប័ណ្ណ និងរងបណ្តឹងអាជ្ញា ។
ដោយ៖ ភារ៉ា ដង្កោនិងនិន សុភ័ស្ត