ព័ត៌មានទាន់ហេតុការណ៍៖

តុលាការចេញដីកាបង្គាប់ឲ្យចាប់ខ្លួនបុរសម្នាក់ អតីតជាដៃជើង លោកផ្កាយ២ ភឺន ផល្លា

ចែករំលែក៖

ខេត្តព្រះសីហនុ៖ បុរសម្នាក់ត្រូវបាន តុលាការខេត្តព្រះសីហនុ ចេញដីកាបង្គាប់ឲ្យចាប់ខ្លួន ពាក់ព័ន្ធការបង្កភាពអនាធិបតេយ្យ កាប់រានព្រៃហ៊ុមព័ទ្ធ កាន់កាប់ដីព្រៃរបស់រដ្ឋដោយខុសច្បាប់លើដីតំបន់ហាមឃាត់នៅឃុំបិតត្រាំង ស្រុកព្រៃនប់។ ក្នុងដីកានេះ បានបញ្ជាក់ថា ជនត្រូវចោទមានឈ្មោះ ញ៉ក់ គឹមតុង ភេទប្រុស កើតឆ្នាំ១៩៧៩ ជនជាតិខ្មែរ ទីកន្លែងកំណើតនៅ ក្រុមទី១៣ ភូមិស្លាបក្តោង (ជប់ក្រៅ) ឃុំជប់ ស្រុកត្បូងឃ្មុំ ខេត្តកំពង់ចាម។

បុរសរូបនេះត្រូវបានចោទប្រកាន់ពីបទ «កាប់រានព្រៃហ៊ុមព័ទ្ធ កាន់កាប់ដីព្រៃរបស់រដ្ឋដោយខុសច្បាប់ ប្រព្រឹត្តនៅភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ កាលពីថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១៦ បទល្មើសដែលមានចែង និងឱ្យផ្តន្ទាទោសតាមបញ្ញត្តិមាត្រា៩៧ នៃច្បាប់ស្ដីពីព្រៃឈើ»

ជនត្រូវចោទ ញ៉ក់ គឹមតុង ធ្លាប់ត្រូវបានតុលាការចេញដីកាចាប់ខ្លួនជាច្រើនលើកមកហើយ តែមិនបានសម្រេច ដោយសារជននេះ បានរត់គេចខ្លួន មកពួនសម្ងំផ្ទះមន្ត្រីមួយរូបនៅភ្នំពេញ មន្ត្រីនោះ អាចជាមេអនាធិបតេយ្យដ៏ធំផងដែរ។
បន្ទាប់ពីការគេចខ្លួនអស់រយ:ពេលជិត១ឆ្នាំ ជននេះ ទើបនឹងចេញមុខឡើងវិញបានប៉ុន្មានខែ ក៏ដើរបង្ករបញ្ហាបន្តទៀត រហូតមានដីការចាប់ខ្លួនសារជាថ្មី។
តាមប្រភពខ្លះបង្ហើបថា៖ ជនត្រូវចោទ ញ៉ក់ គឹមតុង អតីតជាដៃជើង លោកផ្កាយ២ ភឺន ផល្លា មេបញ្ជាការរង កងពលតូចលេខ៧០ តែបច្ចុប្បន្ន មិនដឹងថា ជនត្រូវចោទនៅតែមានទំនាក់ទំនងរឿងដីធ្លីជាមួយ លោកផ្កាយ២ ភឺន ផល្លា ឬអត់..?
សូមបញ្ជាក់ថា៖ ដីកាបង្គាប់ឲ្យចាប់ខ្លួន ចេញដោយលោក កែវ មុនី ចៅក្រមសើបសួរ នៃសាលាដំបូងខេត្តព្រះសីហនុ នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០៕ដោយ៖សិលា


ចែករំលែក៖