ព័ត៌មានទាន់ហេតុការណ៍៖

មន្ត្រីជាន់ខ្ពស់​ចិន៖ ព្រមាន​កោះ​តៃវ៉ាន់ មធ្យោបាយ​ហិង្សា ជា​ជម្រើស​ចុងក្រោយ

ចែករំលែក៖

ប្រទេសចិន៖នាយត្តសេនីយ៍ Li Zuocheng ប្រធានសេនាធិការដ្ឋានគណៈកម្មកាយោធាមជ្ឈិម បានព្រមានកោះតៃវ៉ាន់ជាថ្មីចំៗថាប្រសិនបើលទ្ធភាពដែលការបង្រួបបង្រួមដោយសន្តិភាពបាត់បង់ កងទ័ពប្រជាជន រួមជាមួយប្រទេសទាំងមូល នឹងចាត់វិធានការចាំបាច់ទាំងអស់ដើម្បីកម្ទេចផែនការ សកម្មភាពផ្ដាច់ខ្លួនណាមួយ ដោយការទុកលទ្ធភាពប្រើកម្លាំងយោធាដើម្បីសង្គ្រប់តៃវ៉ាន់នេះ មិនមែនជារឿងថ្មីឡើយ ប៉ុន្តែតៃវ៉ាន់ហាក់ធ្វើឲ្យប៉េកាំងកាន់តែអស់ការអត់ធ្មត់ឡើងៗ ជាមួយនឹងការទោរទន់ទៅរកការផ្ដាច់ខ្លួន ពិសេសក្រោមការដឹកនាំរបស់ប្រធានាធិបតី Tsai Ing-wen ដែលឈានដល់អាណត្តិទីពីរ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មានReuters

មន្ត្រីជាន់ខ្ពស់ចិនទាំងស៊ីវិល ទាំងយោធា «​យើងមិនបានសន្យាមិនប្រើកម្លាំងទ័ពឡើយ ហើយរក្សាសិទ្ធិប្រើជម្រើសទាំងអស់ដើម្បីរក្សាស្ថិរភាព និងគ្រប់គ្រងស្ថានការណ៍នៅច្រកសមុទ្រតៃវ៉ាន់​» នេះជាការបញ្ជាក់របស់លោកLi ដែលជាមន្ត្រីយោធាម្នាក់ក្នុងចំណោមមេទ័ពចិនដែលមានបទពិសោធធ្វើសង្គ្រាម លោក Li ជាមេទ័ពដែលធ្វើសង្គ្រាមព្រំដែនជាមួយវៀតណាមនៅឆ្នាំ១៩៧៩ នេះក៏ជារឿងកម្រមានដែលមេទ័ពចិនកំពុងកាន់តំណែងនិយាយពីការប្រើកម្លាំងបាយបែបនេះ

សូមជម្រាជថា នៅថ្ងៃទី២៩ ខែឧសភា ចិនបានធ្វើពិធីរំឭកខួបទី១៥ឆ្នាំការបង្កើតច្បាប់ប្រឆាំងការផ្ដាច់ខ្លួន ដែលបង្កើតដើម្បីបើកផ្លូវដល់ការប្រើប្រាស់កម្លាំងយោធាក្នុងការវាយដណ្ដើមកោះតៃវ៉ាន់មកគ្រប់គ្រងវិញប្រសិនបើមានសញ្ញាបង្ហាញថា តៃវ៉ាន់ផ្ដាច់ខ្លួន ប្រុងធ្វើបែបនេះឆ្លៀតឱកាសនេះ ត្តសេនីយ៍ជាន់ខ្ពស់ចិន និងប្រធានសភាប្រជាជនចិន ក៏ផ្ញើសារព្រមានតៃវ៉ាន់ជាថ្មីទៀតពីជំហរម៉ឺងម៉ាត់របស់ប៉េកាំងក្នុងការប្រើកម្លាំងបាយ

ក្នុងកម្មវិធីដដែល លោក Li Zhansu ប្រធានសភាប្រជាជនចិន ក៏បានរំឭកតៃវ៉ាន់ដែរថា មធ្យោបាយហិង្សា ជាជម្រើសចុងក្រោយ ប៉ុន្តែលោក Li ដែលជាមន្ត្រីលំដាប់ទីបីក្នុងជួរថ្នាក់ដឹកនាំចិន លើកឡើងថា បើឱកាសអនុវត្តមធ្យោបាយសន្តិភាពនៅមានតែបន្តិចនោះ ចិននឹងព្យាយាមរាប់រយដងដើម្បីសម្រេចឲ្យបាន ហើយឆ្លៀតបន្ថែមថា ផ្លូវទៅកាន់ឯករាជ្យតៃវ៉ាន់ ជាផ្លូវទាល់

យ៉ាងណាមិញ លទ្ធភាពដែលសង្គ្រាមនៅច្រកតៃវ៉ាន់អាចផ្ទុះឡើងនោះ នឹងមិនអាចកើតឡើងឆាប់ៗឡើយ ទោះមិនពេញចិត្តរដ្ឋាភិបាលតៃវ៉ាន់របស់ប្រធានាធិបតី Tsai Ing-wen ក្ដី ចិនក៏ត្រូវគិតគូរពីផលប៉ះពាល់លើគ្រប់វិស័យ និងមុខមាត់របស់ខ្លួនក្នុងនាមជាមហាអំណាចមួយដែរ ម្យ៉ាងទៀតតៃវ៉ាន់ ក៏មានខ្នងបង្អែកដ៏ធំមួយដែរ គឺអាមេរិក ដែលមានចំណងផ្លូវច្បាប់ក្នុងការផ្ដល់ជំនួយឲ្យតៃវ៉ាន់ដើម្បីការពារខ្លួន៕ដោយ៖ស តារា


ចែករំលែក៖