ខេត្តពោធិ៍សាត់៖ នារសៀលថ្ងៃសុក្រ ៨កើតខែជេស្ឋ ឆ្នាំជូត ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៩ ក្នុងដំណើរបេសកកម្មចុះពិនិត្យស្ថានភាពទឹកក្នុងដើមរដូវវស្សានេះ លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ព្រមទាំងមន្រ្តីជំនាញ និងប្រធានមន្ទីរធនធានទឹក និងឧតុនិយម ខេត្តពោធិ៍សាត់ និងខេត្តបាត់ដំបង បានចុះទៅពិនិត្យវឌ្ឍនភាពនៃការអនុវត្តគម្រោងសាងសង់ប្រព័ន្ធធារាសាស្ត្រដំណាក់ឈើក្រំ ស្ថិតក្នុងស្រុកតាលោសែនជ័យ និងស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ។
តាមរបាយការណ៍ពីក្រុមការងារបច្ចេកទេសនៅពេលចុះពិនិត្យ បានឲ្យដឹងថាការងារសាងសង់ប្រព័ន្ធធារាសាស្ត្រខាងលើនេះទទួលហិរញ្ញប្បទានពីធនាគារអភិវឌ្ឍន៍អាស៊ី ADB បានចាប់ផ្តើមក្នុងខែឧសភា ឆ្នាំ២០១៧ ដែលរហូតមកដល់ពេលនេះ គឺសម្រេចបានប្រមាណ ៨០% លើផែនការកំណត់ ។
សូមជម្រាបថា៖ ក្រោយពេលសាងសង់រួចប្រព័ន្ធធារាសាស្រ្តដំណាក់ឈើក្រំ មានលទ្ធភាពធានាដល់ការស្រោចស្រព លើផ្ទៃដីស្រូវវស្សាប្រមាណ ១៦.១០០ហិកតា និងស្រូវប្រាំង ៤.៥០០ហិកតា ព្រមទាំងផ្ដល់ទឹកសម្រាប់ការប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃ របស់ប្រជាពលរដ្ឋនៅក្នុងស្រុកតាលោសែនជ័យ និងស្រុកភ្នំក្រវាញ ឲ្យមានទឹកប្រើខួបប្រាំង ខួបវស្សា ផងដែរ ។
ក្នុងឱកាសចុះពិនិត្យជាក់ស្តែងនេះ លោករដ្ឋមន្រ្តី បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង និងលទ្ធផលការងារដែលសម្រេចតាមផែនការគ្រោងទុក ក្រោមកិច្ចសហការល្អប្រសើររវាងក្រុមការងារអនុវត្តគម្រោង មន្ទីរ និងអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធ។ លោករដ្ឋមន្រ្តីបានណែនាំបន្ថែមលើការងារដែលត្រូវបញ្ចប់ ដើម្បីធានាគុណភាពសំណង់ខាងលើ បានប្រើប្រាស់យូរអង្វែងសម្រាប់ពេលបច្ចុប្បន្ន និងអនាគត៕
ដោយ៖សុខ ខេមរា