ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និនេសាទ លោក វេង សាខុន បានបញ្ជាក់ថា៖ ជាលទ្ធផលនៃការនាំចេញអង្ករដែលបានឆ្លងកាត់ការត្រួតពិនិត្យភូតគាមអនាម័យ ក្នុងរយៈពេល ៥ខែដើមឆ្នាំ២០២០ សម្រេចបាន ៣៥៦ ០៩៧ តោន កើនឡើងប្រមាណ ១០៥ ៩២៥ តោន ស្មើនឹង ៤២,៣៤% ដែលធៀបទៅនឹងរយៈ៥ខែដើមឆ្នាំ២០១៩ មានចំនួន ២៥០ ១៧២ តោន ។ ដោយឡែក សម្រាប់ខែឧសភា ឆ្នាំ២០២០ នេះ សម្រេចការនាំចេញអង្ករបាន ចំនួន ៥៥ ៨៤៥ តោន កើនឡើងចំនួន ១៩ ៤៣៦ តោន ស្មើនឹង ៥៣,៣០% ធៀបទៅនឹងខែឧសភា ឆ្នាំ២០១៩ ដែលក្នុងនេះមាន៖ អង្ករក្រអូបគ្រប់ប្រភេទមានចំនួន ៥១ ៦៨៣ តោន, អង្ករចម្រុះគ្រប់ប្រភេទមានចំនួន ៣ ៥៧៨ តោន និងអង្ករចំហ៊ុយមានចំនួន ៥៨៤ តោន ។
ប្រទេសដែលបានបញ្ជាទិញអង្ករពីកម្ពុជាក្នុងរយៈពេល ៥ខែនេះ មានចំនួន ៥៤ប្រទេស៖ នៅក្នុងសហភាពអ៊ឺរ៉ុបមានប្រទេសចំនួន ២៤ ក្នុងចំណោម២៨ ប្រទេស, ប្រទេសចិន, ប្រទេសសមាជិកអាស៊ានចំនួន ៦ ហើយនិងនៅទ្វិបដ៏ទៃទៀតចំនួន ២៣ ប្រទេស ។ ទន្ទឹមនឹងនេះក៏មានក្រុមហ៊ុនចំនួន ៥ ក្នុងចំណោម ៤៩ក្រុមហ៊ុន ដែលបាននាំចេញអង្ករច្រើនជាងគេ ។
សូមបញ្ជាក់ថា៖ ការនាំចេញអង្ករកម្ពុជាក្នុងរយៈពេល ៥ខែដើមឆ្នាំដូចគ្នាប្រៀបធៀបទៅនឹងឆ្នាំ២០១៩ មានកំណើននៅគ្រប់គោលដៅនាំចេញទាំងអស់៖ សហភាពអ៊ឺរ៉ុបកើនចំនួន ៥១,១០%, ប្រទេសចិនកើនចំនួន ២៥,២៦%, បណ្តាប្រទេសសមាជិកអាស៊ានកើនចំនួន ៤៥,៣៩%, និងគោលដៅដ៏ទៃទៀតបានកើនឡើងចំនួន ៧៩,៤០% ៕សម្រួល៖ ពី ទទក