ព័ត៌មានទាន់ហេតុការណ៍៖

BREAKING៖ ប៉ូលីសរដ្ឋ Minnesota ចាប់វាយខ្នោះ អ្នករាយការណ៍ព័ត៌មានទូរទស្សន៍ CNNម្នាក់ ពេលកំពុង Live អំពីទិដ្ឋភាពបាតុកម្ម

ចែករំលែក៖

អាមេរិក៖ យោងតាមទូរទស្សន៍ CNN នៅល្ងាចថ្ងៃសុក្រ ទី២៩ ខែឧសភាឆ្នាំ២០២០នេះ បានរាយការណ៍ថា លោក អូម៉ា ហ៊ីមែណេស(Omar Jimenez) អ្នករាយការណ៍ព័ត៌មានCNNរបស់ខ្លួន ត្រូវបានក្រុមប៉ូលីសរដ្ឋមីននីសូតា (Minnesota) ឃាត់ខ្លួន ខណៈដែលលោកកំពុងធ្វើការ Live វីដេអូផ្ទាល់ អំពីទិដ្ឋភាពបាតុកម្មដ៏ក្តៅគគុក

ការឃាត់ខ្លួនបានធ្វើឡើង ខណៈពួកគេកំពុងតែធ្វើការផ្សាយបន្តផ្ទាល់សកម្មភាពធ្វើបាតុកម្ម និងការបង្ក្រាបដ៏ក្តៅគគុក រវាងកងកម្លាំងប៉ូលិសនិងក្រុមបាតុករ ដែលតវ៉ាជុំវិញមរណភាពរបស់បុរសជនជាតិស្បែកខ្មៅម្នាក់កាលពីប៉ុន្មានថ្ងៃមុន ត្រូវបានប៉ូលីសក្នុងទីក្រុង Minneapolis យកជង្គង់សង្កត់ករហូតដល់ស្លាប់ បើទោះជារូបគេបានសុំអង្វរ និងស្រែកប្រាប់ថា «មិនអាចដកដង្ហើមបាន» ក៏ដោយ

សូមជម្រាបថា ក្រុមការងាររបស់លោក Omar Jimenez រួមមានគ្នាបីនាក់ដែលពីរនាក់ទៀតជាអ្នកផលិត និងអ្នកកាន់កាមេរ៉ា ត្រូវបានកងកម្លាំងប៉ូលីសទីក្រុងមីននាផូលីស (Minneapolis) នៃរដ្ឋខាងលើនេះ ចាប់វាយខ្នោះហើយបញ្ជូនទៅសួរចម្លើយនៅប៉ុស្តិ៍ប៉ូលីស។

បច្ចុប្បន្នបុគ្គលិក CNN កំពុងស្ថិតនៅក្នុងប៉ុស្តិ៍ប៉ូលិស ហើយមិនទាន់មាននរណាដឹងថា មានស្ថានភាពបែបណាឡើយ។ កុប្បកម្ម និងបាតុកម្មបានផ្ទុះរីករាលដាលជាច្រើនកន្លែង នៅសហរដ្ឋអាមេរិក ដើម្បីសម្ដែងការខឹងសម្បាក៏ដូចជាទាមទារយុត្តិធម៌ឲ្យលោក ចច ហ្វ្លយដ៍ (George Floyd)

ដោយ៖ស តារា

 


ចែករំលែក៖