ភ្នំពេញ ៖ ជនសង្ស័យម្នាក់ត្រូវកម្លាំងនគរបាលខណ្ឌដង្កោដេញតាមចាប់បានភ្លាមៗ បន្ទាប់ពីជនរូបនេះជិះម៉ូតូឆក់យកកាបូបពីនារីម្នាក់បានសម្រេចកាលពីវេលាម៉ោង៧យប់ ថ្ងៃទី២៩ ខែឧសភាឆ្នាំ២០២០ នៅចំណុចផ្លូវបេតុង បុរីឡាយគង់ ភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួនបានមានឈ្មោះ ផន អុីម ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះជួលក្នុងភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ចំណែកជនរងគ្រោះឈ្មោះ យ៉ង តូច ភេទស្រី អាយុ២២ឆ្នាំ មុខរបរកម្មការិនីរោងចក្រ ស្នាក់នៅផ្ទះជួលក្នុងភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
សមត្ថកិច្ចបានបន្តថា កាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង១៨និង២៥នាទី នារីរងគ្រោះឈ្មោះ យ៉ង តូច និងមិត្តភក្តិឈ្មោះ សៃ មុំ ភេទស្រី អាយុ២៣ឆ្នាំ បានហៅឡំប្រឺតាជិះចេញពីបន្ទប់ជួល ស្ថិតនៅភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ទៅហូបមីឆានៅក្នុងបុរីឡាយគង់ ស្ថិតនៅក្នុងភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។ រហូតដល់វេលាម៉ោង៧យប់ ជនរងគ្រោះនិងមិត្តភក្តិបានជិះឡំប្រឺតាទៅដល់ចំណុចខាងលើ ហើយបម្រុងចុះពីលើឡំប្រឺតាទៅហូបមីឆា ក៏ស្រាប់តែមានជនសង្ស័យឈ្មោះ ផន អុីម ភេទប្រុស អាយុ២៧ឆ្នាំ បានជិះម៉ូតូ១គ្រឿងម៉ាកហុងដាឌ្រីមសេ១២៥ ពណ៌ខ្មៅ គ្មានស្លាកលេខម្នាក់ឯងទៅធ្វើសកម្មភាពឆក់យកកាបូបលុយរបស់ជនរងគ្រោះដែលនៅក្នុងកាបូបលុយនោះមានលុយខ្មែរចំនួន២០៦.០០០រៀល (ម្ភៃម៉ឺនប្រាំមួយពាន់រៀល) លុយដុល្លារចំនួន២១ដុល្លារ និងទូរស័ព្ទដៃម៉ាកOppo ចំនួន១គ្រឿង រួចបើកម៉ូតូគេចខ្លួន។ ភ្លាមៗនោះជនរងគ្រោះក៏បានស្រែកឆោឡោថាចោរៗ ស្របពេលមានសមត្ថកិច្ចកំពុងជិះម៉ូតូល្បាតនៅក្បែរកន្លែងកើតហេតុ ក៏បានជួយធ្វើអន្តរាគមន៍ជិះម៉ូតូដេញតាមពីក្រោយ រហូតដល់បុរីភ្នំមាសផ្លូវបេតុង ស្ថិតនៅក្នុងភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ជនសង្ស័យបានផ្តួលម៉ូតូរត់គេចខ្លួនទៅក្នុងប្រឡាយទឹក ហើយសមត្ថកិច្ចក៏បានធ្វើការឡោមព័ទ្ធ ឃាត់ខ្លួនជនសង្ស័យបានរួមនិឹងវត្ថុតាង យកមកធ្វើការសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលដង្កោតាមនីតិវិធីច្បាប់ ។
ក្រោយឃាត់ខ្លួនជនសង្ស័យ រួចជនរងគ្រោះក៏បានមកដាក់ពាក្យបណ្ដឹងចំឈ្មោះ ដើម្បីឱ្យសមត្ថកិច្ចចាត់ការតាមផ្លូវច្បាប់តែម្ដង៕ដោយ៖ ភារ៉ា ដង្កោ