ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋាភិបាល​ឥណ្ឌូណេស៊ី​ ពង្រាយ​កងទ័ព​ជិត​៣៤​ម៉ឺន​នាក់​នៅ​ខេត្ត​ជាង​២០ ដើម្បីទប់ស្កាត់អ្នក​បំពាន​ចំណាត់ការ COVID-19

ចែករំលែក៖

អន្តរជាតិ៖ រដ្ឋាភិបាលឥណ្ឌូណេស៊ី បានផ្ដើមពង្រាយកងទ័ពជិត៣៤ម៉ឺននាក់នៅខេត្តជាង២០នៃខេត្តសរុបទាំង៣៤របស់ខ្លួន គោលដៅគឺដើម្បីតាមដានការអនុវត្តវិធានការគម្លាតសុវត្ថិភាពដែលដាក់ទប់ស្កាត់ការឆ្លងរាលដាលCOVID-19 ដូចជា៖ ការពាក់ម៉ាស់នៅទីសាធារណៈនិងរក្សាគម្លាតពីគ្នាត្រឹមត្រូវតាមអនុសាសន៍អ្នកជំនាញសុខាភិបាលជាដើម

បើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP មន្ត្រីប៉ូលិសក្នុងខេត្តBengkulu ភាគខាងលិចប្រទេសឥណ្ឌូណេស៊ី បានប្រមូលផ្ដុំប៉ូលិសមួយក្រុមដែលមានសមាជិក៤០នាក់ ដែលមានកាត្វកិច្ចតាមចាប់អ្នកល្មើសបញ្ជាបិទប្រទេស ហើយបង្ខំពួកគេពាក់ស្លាកដោយសន្យាថាពាក់ម៉ាស់ និងរក្សាគម្លាតសុវត្ថិភាពពីអ្នកដទៃ ចាប់ពីពេលនេះតទៅ បើតាមមន្ត្រីម្នាក់ក្នុងករណីល្មើសធ្ងន់ធ្ងរ រូបភាពពួកគេ នឹងត្រូវបង្ហោះ​លើបណ្ដាញសង្គមដើម្បីឲ្យពួកគេរាងចាល

ក៏ប៉ុន្តែសម្រាប់មេដឹកនាំខេត្តខ្លះរបស់ឥណ្ឌូណេស៊ី បន្ថែមពីវិធានការថ្នាក់ជាតិទាំងនេះ ពួកគេបានផ្ដួចផ្ដើមចំណាត់ការផ្ទាល់ខ្លួនដើម្បីប្រយុទ្ធប្រឆាំងនឹងCOVID-19 ហើយពួកគេជ្រើសយកវិធានសម្អុយឈ្មោះជាសាធារណៈ

សូមជម្រាបថា អាជ្ញាធរឥណ្ឌូណេស៊ី បានដាក់ចេញវិធីសាស្ត្រសម្អុយឈ្មោះសាធារណៈ ជាទោសទណ្ឌថ្មីសម្រាប់អ្នកបំពានចំណាត់ការគម្លាតសុវត្ថិភាពទប់ស្កាត់ COVID-19 តែចំណាត់ការពុំត្រូវអនុវត្តទូទាំងប្រទេសឥណ្ឌូណេស៊ីឡើយ

«​មនុស្សក្នុងខេត្ត Bengkulu នៅតែពុំទាន់យល់ពីសារសំខាន់នៃការគោរពតាមវិធានការសុខាភិបាលទាំងនេះ ជាពិសេសនៅពេលតម្រូវឲ្យពួកគេពាក់ម៉ាស់និងឈប់ប្រមូលផ្ដុំគ្នាច្រើនទៀត​»​ ប្រធានទីភ្នាក់ងារបញ្ជាសាធារណៈរបស់ខេត្ត Bengkulu ឈ្មោះថា Martinah ប្រាប់AFP បែបនេះ លោកបន្តទៀតថា ការគោរពបែបនេះគឺដើម្បីសុខទុក្ខពួកគេនិងគ្រួសារពួកគេ

ដោយឡែក រដ្ឋធានី ហ្សាកាតា វិញ ក្នុងខែនេះ បានប្រកាសច្បាប់ថ្មីមួយដាក់ទោសអ្នកល្មើសគម្លាតសុវត្ថិភាព ដោយបង្ខំឲ្យពួកគេលាងបង្គន់សាធារណៈ ខណៈត្រូវពាក់អាវកាក់សរសេរថា ជនបំពានច្បាប់

គិតត្រឹមថ្ងៃទី២៩ ខែឧសភាម្សិលមិញនេះ ប្រទេសឥណ្ឌូណេស៊ី មានករណីឆ្លង COVID-19 សរុប ២៤០០០ករណី និងអ្នកស្លាប់ ១៤៩៦នាក់ក៏ប៉ុន្តែប្រទេសដែលមានប្រជាជនសរុបជាង២៦០លាននាក់នេះ មានអត្រាធ្វើតេស្តរក COVID-19 ទាបបំផុតមួយលើពិភពលោកអ្នកស្រាវជ្រាវ ប៉ាន់ស្មានថាតួលេខស្លាប់ពិតប្រាកដអាចលើសដង បើធៀបនឹងតួលេខផ្លូវការ៕ដោយ៖ស តារា

 

 


ចែករំលែក៖