ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនបុគ្គលិកក្រុមហ៊ុនឥណទានវីរស័កហ្វាយនែនម្នាក់ករណីស៊ីដាច់លុយចំនួន១៧.៥៨៣ដុល្លារ

ចែករំលែក៖

   ភ្នំពេញ៖ បុគ្គលិក្រុមហ៊ុនឥណទានវីរស័កហ្វាយនែនម្នាក់ត្រូវម្ចាស់ក្រុមហ៊ុនចាប់យកមកប្រគល់ឲ្យសមត្ថកិច្ចនគរបាលប៉ុស្តិ៍ទឹកថ្លាករណីស៊ីដាច់លុយក្រុមហ៊ុនអស់ចំនួន១៧.៥៨៣ដុល្លារ មិនប្រគល់ឲ្យក្រុមហ៊ុនវិញ។ ករណីឃាត់ខ្លួនជនសង្ស័យខាងលើនេះធ្វើឡើងកាលពីវេលាម៉ោង ២២:០០នាទីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០ នៅចំណុចក្នុងក្រុមហ៊ុនវីរស័កហ្វាយនែន ផ្ទះលេខ៨អា ផ្លូវបេតុង ភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។ 

ជនសង្ស័យមានឈ្មោះ រើន ផានិត ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិក្រុមហ៊ុនឥណទាន (ក្រុមហ៊ុនវីរស័កហ្វាយនែន) ស្នាក់នៅផ្ទះលេខ២  ផ្លូវលំ  សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ (គ្មានសារធាតុញៀន)។

 ចំណែកដើមបណ្តឹងមានឈ្មោះ ប៉ែន ជាលី ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិកក្រុមហ៊ុនឥណទានវីរស័កហ្វាយនែន ស្នាក់នៅផ្ទះលេខ១១K ផ្លូវបេតុង ភូមិដំណាក់ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ក្នុងអំឡុងខែខែកក្កដាឆ្នាំ២០១៩ ខាងក្រុមហ៊ុនបានឲ្យជនសង្ស័យដើរប្រមូលលុយពីអតិថិជន ប៉ុន្តែជននេះមិនបានយកមកប្រគល់ឲ្យក្រុមហ៊ុននោះទេ រហូតដល់ថ្ងៃទី២៨ ខែឧសភាឆ្នាំ២០២០ខាងក្រុមហ៊ុនបានឆែកបញ្ជីមើលឃើញបាត់លុយច្រើនក៏ហៅជនសង្ស័យមកសួរនាំ ពេលនោះជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនបានយកលុយចាយអស់ហើយទើបខាងក្រុមហ៊ុនឃាត់ខ្លួនយកមកប្រគល់ឲ្យសមត្ថកិច្ចតែម្តង។

សម្ភារបាត់បង់ មានលុយដុល្លារចំនួន១៧.៥៨៣ដុល្លា ។ សម្ភារបន្សល់ទុកមសនម៉ូតូស្គូពី០១គ្រឿងផលិតឆ្នាំ២០១៨ ពាក់ស្លាកលេខភ្នំពេញ1GV-8749 របស់ជនសង្ស័យ ។ 

បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនីតិវិធី ៕ ដោយ៖ ចន្ទ លីហ្សា


ចែករំលែក៖