ខេត្តមណ្ឌលគិរី ៖ នៅក្នុងសប្ដាហ៍ទី៤ នៃខែឧសភា ឆ្នាំ២០២០ មន្រ្តីឧទ្យានុរក្សដែនជម្រកសត្វព្រៃភ្នំព្រេច នៃមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី និងភ្នាក់ងារល្បាតសហគមន៍តំបន់ការពារធម្មជាតិ រួមទាំងក្រុមល្បាតរបស់អង្គការ WWF បានចុះល្បាតក្នុងភូមិសាស្រ្តដែនជម្រកសត្វព្រៃភ្នំព្រេច បានរុះរោងប្រក់តង់ ហើយជនសង្ស័យបានរត់គេចខ្លួនបាត់ ខណៈពួកគេបម្រុងលួចអារឈើដោយខុសច្បាប់ក្នុងតំបន់ការពារធម្មជាតិ ក្នុងនោះមន្រ្តីឧទ្យានុរក្សបានដកហូតប៊ីដុងសាំងចំនួន៦កានផងដែរ។
ក្រុមការងារបានបន្តការល្បាតដល់ចំណុចអូរតូប ឋិតក្នុងភូមិអន្ទ្រង់សាមគ្គីសែនជ័យ ឃុំពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ក្នុងដែនជម្រកសត្វព្រៃភ្នំព្រេច បានដោះប្រមូល និងសាអន្ទាក់ខ្សែកាបសរុបចំនួន៨២ខ្សែ ខណៈជនសង្ស័យជាក្រុមប្រមាញ់សត្វព្រៃបានលបលួចចូលមកដាក់អន្ទាក់ដើម្បីចាប់សត្វព្រៃ។
រួមគ្នាប្រឆាំងនឹងពាណិជ្ជកម្មសត្វព្រៃ ដើម្បីថែរក្សាសម្បត្តិធម្មជាតិ និងជីៈចម្រុះរបស់យើងទាំងអស់គ្នា៕ដោយ៖ សុខ ឡា