ព័ត៌មានទាន់ហេតុការណ៍៖

រឿងមួយមិនទាន់ឆ្លងផុតចូលដល់រឿងមួយទៀត អាមេរិកធ្លាក់ក្នុងវិបត្តិយ៉ាងពិតប្រាកដ

ចែករំលែក៖

 

រឿងមួយមិនទាន់ឆ្លងផុតផងចូលដល់រឿងមួយទៀត អាមេរិកធ្លាក់ក្នុងវិបត្តិយ៉ាងពិតប្រាកដ

វិបត្តិកូវីដ​-១៩ អាមេរិកមិនទាន់អាចគ្រប់គ្រងបានផង ក៏មានមហាបាតុកម្មក្លាយជាអំពើហិង្សា កើតឡើងនៅលើទឹកដីអាមេរិកចំពេលកំពុងឆ្លងរាលដាលកូវីដ​-១៩ កាន់តែខ្លាំង។ នៅពេលនេះមានបាតុកម្មកើតឡើងនៅទីក្រុងជាង ២០ ក្នុងទឹកដីអាមេរិក ប្រឆាំងនិឹងការរើសអើងជាតិសាសន៍។ អាចនិយាយបានថាសង្គមអាមេរិក ស្ថិតនៅក្នុងដំណាក់កាលអាក្រក់បំផុតមិនធ្លាប់មាន​។
វិវាទនៅខាងក្នុងមិនគ្រប់គ្រាន់ទេ ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានបង្កឲ្យមានវិវាទកាន់តែខ្លាំងថែមទៀតពីខាងក្រៅ ដោយប្រទេសជាច្រើនថ្កោលទោសយ៉ាងខ្លាំង​ដល់ប្រធានាធិបតី​ដូណាល់ ត្រាំ ដែលប្រកាសឈប់ផ្តល់ជំនួយដល់អង្គការ​សុខភាពពិភពលោក​ និងដកអាមេរិក​ចេញពីអង្គការនេះ។
ពាក់ព័ន្ធនិឹងបាតុកម្មនៅលើទឹកដីអាមេរិក នៅពេលនេះមានមនុស្ស ៧នាក់រងការបាញ់ប្រហារនៅតំបន់ Louisville ​រដ្ឋ​​Kentucky ​ ពេលកំពុងមានភាពចលាចល​។ក្នុងចំណោមអ្នកត្រូវគ្រាប់កាំភ្លើងមានម្នាក់ស្ថិតក្នុងសភាពគ្រោះថ្នាក់​។ នៅពេលនេះគេមិនទាន់ដឹងថា​កាំភ្លើងបាញ់ចេញពីទីណានោះឡើយ។ ភាគីប៉ូលិសបានបញ្ជាក់ថា ប៉ូលិសទប់ស្កាត់បាតុកម្ម​ទាំងអស់ដូច្នេះមិនមានអ្នកណាផ្ទុះអាវុធនោះឡើយ ។
សារព័ត៌មាន​ CNN ​បានផ្សាយថា មកទល់ពេលនេះ កម្លាំងសន្តិសុខទីក្រុង Houston ​រដ្ឋតិចសាស់ អាមេរិក​បានចាប់ខ្លួនបាតុករ​ជាង ២០០នាក់​ដែលបង្កអំពើហិង្សា​។ តាមការលើកឡើងរបស់កម្លាំងប៉ូលិស បាតុករដែលបានចាប់ខ្លួននឹងត្រូវចោទប្រកាន់ទោសពីបទបំផ្លាញសន្តិសុខសណ្តាប់ធ្នាប់ក្នុងសង្គម​។ ប៉ុលិស​៤នាក់រងរបួសក្នុងពេលប៉ះទង្គិចជាមួយក្រុមបាតុករ​។ ក្រៅពីនេះរថយន្តប៉ូលិស៨គឿង រងការបំផ្លាញពីក្រុមបាតុករផងដែរ​។
នៅទីក្រុងMinneapolis ក៏មានបាតុករ​៥០នាក់ត្រូវបានចាប់ខ្លួនផងដែរ ។ ក្នុងរយៈពេល​៣ថ្ងៃផ្ទុះបាតុកម្ម​ ហាងលក់ទំនិញ​ ផ្សារទំនើបដល់ទៅ​១៧០​កន្លែង​រងការបំផ្លាញ​ បាតុករចូលយកអីវ៉ាន់ក្នុងផ្សារទាំងយប់​។
បាតុកម្ម​នៅតែបន្តកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ មិនដឹងថាពេលណានឹងបញ្ចប់នោះឡើយ។នៅពេលនេះ អាមេរិកបានត្រៀមកម្លាំងទាហានដើម្បីទប់ទល់និឹងស្ថានភាពហិង្សាបង្កឡើងដោយក្រុមបាតុករ ។ ក្រុមអ្នកជំនាញបានលើកឡើងថា បាតុកម្មបែបនេះអាចធ្វើឲ្យអ្នកឆ្លងកូវីដ​-១៩នៅអាមេរិក កាន់តែកើនឡើងខ្ពស់ថែមទៀត ខណៈដែលវ៉ាក់សាំងការពារនៅមិនទាន់ផលិតបាននៅឡើយ។
មួយវិញទៀតអាមេរិកដកខ្លួនចេញពីអង្គការ​WHO ធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់សកម្មភាពផលិតថ្នាំព្យាបាលកូវីដ​-១៩។​ សហគមន៍អន្តរជាតិបានថ្កោលទោសយ៉ាងខ្លាំង ដល់សកម្មភាពរបស់ប្រធានាធិបតីអាមេរិក ក្នុងពេលដែល​ WHO ​កំពុងខិតខំ​ជួយមនុស្ស ប្រឆាំងការឆ្លងកូវីដ​-១៩​៕ដោយ៖ធី រីណា

 


ចែករំលែក៖