ព័ត៌មានទាន់ហេតុការណ៍៖

ការសាងសង់ស្តូបអនុស្សាវរីយ៍ឈ្នះ=ឈ្នះ រំលឹកគុណដល់វីរបុរសជំនាន់មុន

ចែករំលែក៖

ខេត្តកោះកុង៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិបញ្ជាក់ថាការសាងសង់ស្តូបអនុស្សាវរីយ៍ឈ្នះ=ឈ្នះ គឺដើម្បីរំលឹកគុណដល់វីរបុរសជំនាន់មុនៗដែលលះបង់អាយុជីវិតដើម្បីបូរណភាពទឹកដី ការពារមាតុភូមិក្នុងយុគសម័យភ្លើងសង្រ្គាម។

សម្តេចពិជ័យសេនា ទៀ បាញ់  ថ្លែងដូច្នេះ ក្នុងឱកាសដែលសម្តេចអញ្ជេីញជាអធិបតីក្នុងពិធីបញ្ចុះបឋមសិលា សាងសង់ស្តូបវិមាននយោបាយឈ្នះ= ឈ្នះ នៅលេីទឹកដីខេត្តកោះកុងស្ថិតនៅទល់មុខអាស្រមលោកយាយម៉ៅ ក្នុងភូមិសាស្ត្រភូមិបឹងឃុនឆាង សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ តាមបណ្តោយផ្លូវជាតិលេខ៤៨ កាលពីថ្ងៃសៅរ៍ ៩កើត ខែ ជេស្ឋ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២០។   

គួររំលឹកថា កាលពីថ្ងៃទី១៨ ខែឧសភាកន្លងទៅថ្មីៗនេះ សម្តេចពិជ័យសេនាបានឱ្យដឹងថា ស្តូបវិមាននយោបាយឈ្នះ=ឈ្នះនេះ សាងសង់ឡើងក្រោមការឧបត្ថម្ភពីសប្បុរសជន។ ស្តូបនេះ សាងសង់ឡើងតាមគំរូប្លង់គោលមានខឿន៤ជ្រុង សរុប ៦៦ម៉ែត្រ កម្ពស់ ៤៣ម៉ែត្រ ទីធ្លាបរិវេណស្តូបអនុស្សាវរីយ៍នយោបាយឈ្នះ=ឈ្នះ មានទំហំធំទូលាយក្នុងការចតរថយន្ត និងការធ្វើទេសចរណ៍កម្សាន្តរបស់ពលរដ្ឋយើង។

សម្តេចពិជ័យសេនា ទៀ បាញ់ បញ្ជាក់ទៀតថា ការសាងសង់ស្តូបអនុស្សាវរីយ៍ឈ្នះ=ឈ្នះ ដើម្បីរំលឹកគុណដល់វិីរបុរសជំនាន់មុនៗដែលបានលះបង់អាយុជីវិតដើម្បីបូរណភាពទឹកដី ការពារមាតុភូមិក្នុងយុគសម័យភ្លើងសង្រ្គាម។

សម្តេចពិជ័យសេនាបញ្ជាក់ទៀតថា «យើងត្រូវថ្លែងអំណរគុណសន្តិភាព ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ធ្វើឱ្យកម្ពុជាយើងតាំងពីបាត់ដៃទទេរហូតមានការអភិវឌ្ឍរីកចម្រើនគ្រប់ផ្នែកគ្រប់វិស័យ មានធនធានមនុស្ស និងធ្វើឱ្យប្រទេសលើពិភពលោកទទួលស្គាល់ទៀតផង»។

សម្តេចពិជ័យសេនាបន្តថា «ប្រទេសមានសន្តិភាព សេរីភាព យើងទាំងអស់គ្នាមិនអាចបំភ្លេចការតស៊ូដែលលះបង់ជីវិតដើ ម្បីទឹកដីនោះទេ។ ដូច្នេះហើយទើបរាជរដ្ឋាភិបាលសម្រេចសាងសង់ស្តូបអនុស្សាវរីយ៍នេះឡេីងដើម្បីរំលឹកគុណអនុស្សាវរីយ៍នយោបាយឈ្នះ=ឈ្នះជាកក្តាមួយដ៏សំខាន់ក្នុងវិស័យទេសចរណ៍ ក្នុងការទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិចូលមកកម្សាន្តផងដែរ»៕ដោយ៖សុខដុម


ចែករំលែក៖