ព័ត៌មានទាន់ហេតុការណ៍៖

ហេតុអ្វីក៏ឈ្មួញទុចរិតបើកអាជីវកម្មផលិតបារីក្លែងក្លាយបាន នៅក្បែរជើងភ្នំឱរ៉ាល់ ខេត្តកំពង់ស្ពឺ..!

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ អាជ្ញាធរខេត្តកំពង់ស្ពឺ និងសមត្ថកិច្ច ជំនាញពាក់ព័ន្ធ គួរដាក់សញ្ញាសួរខ្លួនឯង តើហេតុអ្វីក៏ឈ្មួញទុចរិតបើកអាជីវកម្មផលិតបារីក្លែងក្លាយបាន នៅក្បែរជើងភ្នំឱរ៉ាល់ ខេត្តកំពង់ស្ពឺ..! ដោយសារមានជនអំណាចនៅក្រោយ ឬខ្វះការទទួលខុសត្រូវក្នុងដែនសមត្ថកិច្ចរបស់ខ្លួន «ប្រយោជន៍»….????។ នេះជាការលើកឡើងរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានមានចំងល់ ។

ទីបំផុត..! កម្លាំងសមត្ថកិច្ចចម្រុះ​ គ.ប.ផ.ក​ បានចុះបង្ក្រាបទីតាំងផលិតបារីក្លែងក្លាយមួយកន្លែងស្ថិតនៅ ក្បែរជើងភ្នំឱរ៉ាល់ ចម្ងាយប្រហែល៦គីឡូម៉ែត្រពីផ្លូវជាតិក្នុងភូមិស្យា ឃុំយាអង្គ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ដែលក្លែងបន្លំ​ និងខុសច្បាប់ កាលពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០​ កន្លងទៅ។

ការបង្ក្រាបនេះដោយមានការបញ្ជាផ្ទាល់ពី ​ នាយឧត្តមសេនីយ៍ មៀច សុផាន់ណា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ (គ.ប.ផ.ក)​ បានឲ្យ​ ឧត្តមសេនីយ៍ឯក កឹម ជាតិ អនុប្រធាន គ.ប.ផ.ក​ ដឹកនាំក្រុមប្រតិបត្តិការចុះត្រួតពិនិត្យទីតាំងមួយកន្លែងស្ថិតនៅ ភូមិស្យា ឃុំយាអង្គ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ដែលកំពុងធ្វើការវេចខ្ចប់ រក្សាទុក និងលក់ចែកចាយនូវផលិតផលបារីក្លែងក្លាយ អន់គុណភាព​ និងខុសច្បាប់ ដោយមានការសហការជាមួយនឹងអាជ្ញាធរដែនដី និងមានការសម្របសម្រួលនីតិវិធីពីលោក ខៃ សម្ភស្ស ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺ ចុះអនុវត្តត្រួតពិនិត្យជាក់ស្តែង បានរកឃើញការផលិតបារីក្លែងក្លាយ និង ដកហូតសំណាកចំនួន២២មុខ ក្នុងនោះក៏មានឧបករណ៍សម្រាប់ផលិត ព្រមទាំងឃាត់ខ្លួនមេកាម្នាក់ (ជនជាតិចិន) ដើម្បីសួរនាំធ្វើការស្រាវជ្រាវស្វែងរក មេក្លោងពិតប្រាកដ ដែលហ៊ានយកស្លាកក្រសួងការពារជាតិមកប្រើប្រាស់ ដើម្បីផលិតបារីក្លែងក្លាយខាងលើ ជ្រកក្រោមពាក្យតំបន់ភិវឌ្ឍន៍ នៃនាយកដ្ឋានសម្ភារៈបច្ចេកទេស របស់មូលដ្ឋានកងយោធពលខេមរភូមិន្ទ។
បច្ចុប្បន្ននេះ កម្លាំងប្រតិបត្តិការ កំពុងបន្តនីតិវិធីជាមួយនឹងស្ថាប័នអយ្យការ៕ដោយ៖សុខ ខេមរា


ចែករំលែក៖