ព័ត៌មានទាន់ហេតុការណ៍៖

លោករដ្ឋមន្ត្រី ថោង ខុន និងរដ្ឋមន្ត្រី សាយ សំអាល់ គាំទ្ររួមគ្នាចំពោះបងប្អូនប្រជាសហគមន៍មូលដ្ឋានលើការបង្កើតផែនការ បង្កើនសេដ្ឋកិច្ចមូលដ្ឋាន

ចែករំលែក៖

ខេត្តកំពង់ធំ៖ លោកបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ និងលោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានបង្ហាញការគាំទ្ររួមគ្នាចំពោះបងប្អូនប្រជាសហគមន៍មូលដ្ឋានលើការបង្កើតផែនការ បង្កើនសេដ្ឋកិច្ចមូលដ្ឋាន ផ្លាស់ប្តូរជម្រើសមុខរបរដើម្បីកំណើនជីវភាព ហើយគូសបញ្ជាក់ថារាជរដ្ឋាភិបាលកម្ពុជាពិតជាសប្បាយរីករាយពេលបងប្អូនសម្រេចជោគជ័យក្នុងការបង្កើនជីវភាពរបស់ខ្លួន។ ការថ្លែងរបស់រដ្ឋមន្ត្រីទាំង ២ បានធ្វើឡើងនៅក្នុងវេទិកាសាធារណៈជាមួយប្រជាពលរដ្ឋជិត ៣០០នាក់ នៅក្នងសហគមន៍អូលួ ស្ថិតនៅក្នុងឃុំទ្រៀល ស្រុកតាំងគោក ខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ ២០២០។
វេទិកាសធារណៈដែលរៀបចំដោយក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំក្រោម អធិបតីភាព លោក បណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំក៏មានការអញ្ជើញចូលរួមពី លោករដ្ឋមន្ត្រីក្រសួងបរិស្ថាន សាយ សំអាល់ ,លោក សុខ លូ អភិបាលខេត្តកំពង់ធំ ដោយមានការចូលរួមផងដែរពីសមាជិកក្រុមការងារ និងមន្ត្រីនៃក្រសួងពាក់ព័ន្ធនានា ក្នុងគោលបំណងដើម្បីដោះស្រាយសំណើ និងសំណូមពរប្រជាពលរដ្ឋទាក់ទងនឹងការស្នើសុំដីក្នុងតំបន់អភិរក្សសត្វខ្សឹបស្ថិតក្នុងតំបន់ការពារទេសភាពទំនាបខាងជើងបឹងទន្លេសាបស្ថិតក្នុងភូមិសាស្ត្រឃុំទ្រៀល ស្រុកតាំងគោកដើម្បីប្រកបរបរកសិកម្ម។

ចំពោះមុខនៃសំណើរបស់ប្រជាសហគមន៍អូលួកាត់ដីទំហំ ៣៥០ ហិកតានេះពីតំបន់អភិរក្សសត្វខ្សិប លោករដ្ឋមន្ត្រីក្រសួងបរិស្ថាន សាយ សំអាល់ បានគូសបញ្ជាក់ថា៖ ក្រសួងបរិស្ថានមិនបដិសេធទេ ប៉ុន្តែសហគមន៍អូលួត្រូវរៀបចំបង្កើតសហគមន៍ស្របតាមច្បាប់ មានសម្បទាផ្លូវច្បាប់ និងមានការទទួលស្គាល់ដោយច្បាប់ជាមុនសិន ដើម្បីក្លាយជាយន្តការស្របច្បាប់លើការបំពេញដំណើការនីតិវិធី ក៏ដូចជាមានយន្តការគ្រប់គ្រាន់ក្នុងការជជែកពិភាក្សាជាមួយអាជ្ញាធរពាក់ព័ន្ធដើម្បីអភិវឌ្ឍសហគមន៍របស់ខ្លួនឱ្យរីកចម្រើន។ ឯកឧត្តមរដ្ឋមន្ត្រីបនស្នើឱ្យអាជ្ញាធរស្រុកតាំងគោក និងមន្ទីរបរិស្ថានសម្របសម្រួលដល់ការចុះបញ្ជីសហគមន៍អូលួនេះ។

សូមបញ្ជាក់ថា តំបន់អភិរក្សសត្វខ្សិបមាននៅក្នុងភូមិសាស្ត្រខេត្តកំពង់ធំនិងខេត្តសៀមរាបទំហំ ៣១ ១៥៩ ហិកតាត្រូវបានរាជរដ្ឋាភិបាលកម្ពុជាប្រកាសតំបន់ការពារទេសភាពទំនាបខាងជើងបឹងទន្លេសាបកាលពីខែឧសភា ឆ្នាំ ២០២០ ដើម្បីរៀបចំអភិរក្សសត្វខ្សិបដែលជាប្រភេទសត្វកម្រជិតផុតពូជនៅលើពិភពលោក។

ជាមួយគ្នានេះ លោករដ្ឋមន្ត្រីក៏បានដាស់តឿនទុកជាមុនថា ប្រសិនបើមិនមានការបង្កើតសហគមន៍ មិនមានរចនាសម្ពន្ធដឹកនាំច្បាស់លាស់នោះទេ ការស្នើសុំ កាត់ដីចេញពីតំបន់អភិរក្សនឹងធ្វើឡើងដោយមិនចេះចប់មិនចេះហើយ និងជាការផ្តល់ឱកាសដល់ជនខិលខូច និងមេខ្យល់មួយចំនួនឆ្លៀតឱកាសប្រើប្រាស់ប្រជាពលរដ្ឋជាខែលដើម្បីតវ៉ាដីធ្លី និងរុញប្រជាពលរដ្ឋឱ្យប្រឈមនឹងអាជ្ញាធរមានសមត្ថកិច្ច។ លោក សាយ សំអាល់ បានមានប្រសាសន៍ថា៖ «ការទិញលក់ដីរដ្ឋគឺខុសច្បាប់»។ លោករដ្ឋមន្ត្រីក្រសួងបរិស្ថានក៏បានជូនជាគំនិតសម្រាប់បង្កើតសេដ្ឋកិច្ចសហគមន៍ដល់ប្រជាពលរដ្ឋដោយជ្រើសរើសយកជម្រើសថ្មីបន្ថែមដូចជាការ ចិញ្ចឹមគោឬក្របីជាដើម។ លោក សាយ សំអាល់ បានថ្លែងថារដ្ឋាភិបាលបននិងកំពុងរៀបចុះបញ្ជីដីធ្លីរដ្ឋនៃតំបន់ការពារទេសភាពទំនាបខាងជើងបឹងទន្លេសាបនេះ ហើយនឹងរក្សាទុកដើម្បីជូនបងប្អូនប្រើប្រាស់ដោយស្ថិតក្រោមយន្តការដោះស្រាយមួយស្របតាមនីតិវិធីច្បាប់ត្រឹមត្រូវ។

លោក សុខ លូ អភិបាលខេត្តកំពង់ធំបានថ្លែងថា ក្នុងនាមជាអាជ្ញាធរដែនដី ក៏បានប្ដេជ្ញាចិត្តចាំជួយដោះស្រាយ និងចុះជាប់ជាមួយប្រជាពលរដ្ឋក្នុងការសម្របសម្រួល នៅពេលណាដែលប្រជាពលរដ្ឋត្រូវការឱ្យអាជ្ញាធរជួយ និងមានសំណូមពរផ្សេងៗដែលអាជ្ញាធរដែនដីអាចជួយបាន។ ប៉ុន្តែលោកបានស្នើឱ្យប្រជាពលរដ្ឋត្រូវមានភាពច្បាស់លាស់ចំពោះការដាក់សំណើ គឺពិតជាមានការខ្វះខាតដៃសម្រាប់បង្កបង្កើនផលពិតប្រាកដ ដើម្បីសមត្ថកិច្ចពាក់ព័ន្ធដោះស្រាយជូន។

លោកបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ បានគាំទ្រចំពោះការលើកឡើងរបស់ លោករដ្ឋមន្ត្រីក្រសួងបរិស្ថានដោយជំរុញឱ្យប្រជាសហគមន៍ រួមគ្នាបង្កើតសហគមន៍និងចុះបញ្ជីស្របតាមច្បាប់។ លោកបានគូសបញ្ជាក់ថា ចំពោះសំណើរបស់ប្រជាពលរដ្ឋ ក្រសួងជំនាញបានបើកបេះដូងចំហ ប៉ុន្តែត្រូវអនុវត្តតាមវិធីច្បាប់ត្រឹមត្រូវ។ លោកបានមាន ប្រសាសន៍ថា រាជរដ្ឋាភិបាលតែងតែថ្លឹងថ្លែងរវាងការអនុវត្តច្បាប់ដើម្បីការពារតំបន់អភិរក្ស និងការគិតគូរលើកតម្កើងជីវភាពប្រជាពលរដ្ឋ។ លោករដ្ឋមន្ត្រី ថោង ខុន ក៏បានពន្យល់ប្រាប់ប្រជាពលរដ្ឋថា ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ ក្រសួងបរិស្ថាន និងអាជ្ញាធរមិនទុកឱ្យប្រជាពលរដ្ឋលំបាកវេទនានោះឡើយ គឺដឹងតែដោះស្រាយប្រកបដោយភាពត្រឹមត្រូវ ហើយសុទ្ធតែដើម្បីផលប្រយោជន៍ប្រជាពលរដ្ឋទាំងអស់គ្នា៕សហការី


ចែករំលែក៖