ភ្នំពេញ៖ ថ្លើមធំមែន!!ក្មេងៗស្ទាវមួយក្រុមបានយកដបស្រាវ៉ៃក្បាលបុរសម្នាក់បណ្ដាលឱ្យហូរឈាមស្រោចខ្លួន និងយកទូរស័ព្ទ១គ្រឿងទៀតគេចខ្លួនបាត់ ដោយសុវត្ថិភាព ក្នុងហាងផឹកសុី។
គេបានរាយការណ៍មកថា៖ បុរសវ័យចំណាស់២នាក់បានចូលផឹកសុីក្នុងហាងមួយកន្លែងត្រូវក្រុមក្មេងស្ទាវ វ៉ៃ១ដបស្រាបែកក្បាលហូរឈាមស្រោចខ្លួនរួចយកទូរស័ព្ទដៃជនរងគ្រោះទៅបាត់មួយគ្រឿងទៀតកាលពីវេលាម៉ោង១១ និង១៥នាទីយប់ថ្ងៃទី៣០ ខែឧសភាឆ្នាំ២០២០ ឋិតនៅហាងយីហោ ជំនោរលីលី តាមបណ្ដោយផ្លូវលេខ២៧១ នៅសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន។
តាមសម្ដីបុរសម្នាក់ដែលអង្គុយផឹកសុីជាមួយជនរងគ្រោះបានប្រាប់ឲ្យដឹងថា ៖ ពួកគាត់ពីរនាក់ជនរងគ្រោះបានមកអង្គុយផឹកស៊ីនៅហាង«ជំនោរលីលី » និងបានហៅស្រាបៀរកម្ពុជាដបចំនួនពីកញ្ច្រែងស្មើនឹង១២ដបមកផឹក ពេលដែលកំពុងតែអង្គុយផឹក បុរសជនរងគ្រោះបានហៅនារីមកអង្គុយក្បែរថាស្រីអូន មកអង្គុយជិតបងចាំបងឱ្យលុយ «ឱ្យប្រាក់ចាយ»។
ប្រភពព័ត៌មានបានបន្តថា ៖ ពេលនារីអង្គុយជិត ជនរងគ្រោះក៏បានផឹកស៊ីហើយនិយាយលេងធម្មតា ពេលនោះក៏មានក្រុមក្មេងស្ទាវដែលអង្គុយផឹកស៊ីនៅតុជិត ក៏ដើរមក ហើយបានយកដបស្រាបៀរវ៉ៃក្បាលបុរសជាជនរងគ្រោះបណ្ដាលឲ្យបែកក្បាល រួចក៏ប្លន់យកទូរស័ព្ទដៃម៉ាក iphone មួយគ្រឿងរបស់ជនរងគ្រោះហើយនាំគ្នាជិះម៉ូតូគេចខ្លួនបាត់អស់។
ពេលនោះបុរសជាជនរងគ្រោះបានខ្ចីទូរស័ព្ទរបស់មិត្តភក្កិបានខលទៅក្រុមគ្រួសារឲ្យមកដឹកទៅព្យាបាលរបួសនៅមន្ទីរពេទ្យ នឹងបានទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលផ្សារដើមថ្កូវដើម្បីឱ្យសមត្ថកិច្ចស្រាវជ្រាវចាប់ជនសង្ស័យយកមកផ្ដន្ទាទោសតាមច្បាប់ផងដែរ៕ដោយ៖ ភារ៉ា ដង្កោ