ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចខណ្ឌសែនសុខឃាត់ខ្លួនបុរសម្នាក់ព្យាយាមបើករថយន្តគេចគោលដៅឆែកអាវុធជាតិផ្ទុះនិងគ្រឿងស្រវឹង

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់ទំនងជាស្រវឹងស្រាខ្លាំង ពេលបើករថយន្តមកដល់គោលដៅរឹតបណ្តឹងច្បាប់ចរាចរណ៍ផ្លូវគោក និងឆែកអាវុធជាតិផ្ទុះនិងគ្រឿងស្រវឹង បានព្យាយាមបើករត់ តែត្រូវសមត្ថកិច្ចឃាត់បាន។ 

ហេតុការណ៍នេះបានបង្កឲ្យមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង ១១និង៣០នាទីយប់ នៅតាមបណ្ដោយផ្លូវម៉ុងរិទ្ធី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា នៅមុនពេលកើតហេតុកម្លាំងសមត្ថកិច្ចខណ្ឌសែនសុខបានដាក់គោលដៅរឹតបន្តឹងច្បាប់ចរាចរណ៍ជើងគោកនៅតាមដងផ្លូវលេខ1986 សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ខណ:កំពុងតែត្រួតពិនិត្យ ក៏មានរថយន្តម៉ាក Range Rover ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2P-6646 បើកបរដោយបុរសម្នាក់ទំនងជាស្រវឹងស្រាខ្លាំង បានបើកតាមបណ្តោយផ្លូវលេខ1986 ក្នុងទិសដៅពីកើតទៅលិច ភ្លាមៗនោះកម្លាំងសមត្ថកិច្ចបានហៅរថយន្តឲ្យឈប់ដើម្បីត្រួតពិនិត្យតែអ្នកបើករថយន្តមិនបានឈប់រថយន្តឲ្យសមត្ថកិច្ចត្រួតពិនិត្យទេ បានព្យាយាមបើករត់មកដល់ចំណុចស្តុប ២៤ម៉ោង ផ្លូវលេខ1019 កែងផ្លូវម៉ុងរិទ្ធី ក៏ត្រូវបានសមត្ថកិច្ចឃាត់បាន។

ប្រភពបន្តទៀតថា ក្រោយឃាត់រថយន្តបានហើយសមត្ថកិច្ចបានយកសោមកចាក់កង់មុខរថយន្ត ចំណែកអ្នកបើកបរមិនបានចុះពីលើរថយន្តទេ នៅអង្គុយក្នុងរថយន្តរយ:ពេលជិតមួយម៉ោងទើបសមត្ថកិច្ចខណ្ឌសែនសុខបានទាក់ទងទៅសមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋានរាជធានីភ្នំពេញ ឲ្យយករថយន្តមកស្ទូចយកទៅ។ប៉ុន្តែខណ:ពេលរថយន្តស្ទូចមកដល់កន្លែងកើតហេតុអ្នកបើករថយន្តបានបើកទ្វារចុះពីលើរថយន្តភ្លាមៗនោះសមត្ថកិច្ចបានឃាត់ខ្លួនបុរសនោះដាក់បញ្ចូលទៅក្នុងរថយន្តសុីរ៉ែន បញ្ជូនខ្លួនទៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញដើម្បីដោះស្រាយគ្នានៅពេលក្រោយ៕ជ្រោយពេជ្រ


ចែករំលែក៖