ព័ត៌មានទាន់ហេតុការណ៍៖

ផឹកស៊ីរួចជូនមិត្តភក្តិទៅផ្ទះ ត្រឡប់មកវិញជិះម៉ូតូបុករថយន្តបាក់ភ្លៅម្ខាង ចំណែកកូនរងរបួសស្រាល

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ បុរសម្នាក់បានរងរបួសធ្ងន់បាក់ភ្លៅម្ខាង រីឯកូនជិះពីក្រោយរងរបួសស្រាលក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ជិះម៉ូតូទៅបុករថយន្តដែលខូចចតលើដងផ្លូវពីក្រោយ។ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៨និង៣៥នាទីយប់ថ្ងៃទី៣០ខែឧសភា ឆ្នាំ២០២០ នៅលើកំណាត់ផ្លូវជាតិលេខ៦  ស្ថិតក្នុងភូមិគោកលុន ឃុំជប់វារី ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ។

 លោកមាស ប្ញទ្ធី អធិការនគរបាលស្រុកព្រះនេត្រព្រះបានប្រាប់ថា ជនរងគ្រោះឈ្មោះ ស្រី សៅរ៍ ភេទប្រុស អាយុ៣០ឆ្នាំ នៅភូមិគោកពង្រ ឃុំឈ្នួរមានជ័យ ស្រុកព្រះនេត្រព្រះ ជាអ្នកបើកបរម៉ូតូម៉ាកវីវ៉ា ពណ៌ក្រហម គ្មានស្លាកលេខ   និងអ្នករួមដំណើរឈ្មោះពៅ វិសា ភេទប្រុស អាយុ ៥ ឆ្នាំ នៅភូមិជាមួយត្រូវជាកូនបង្កើត ។ 

 លោកអធិការបានបញ្ជាក់ថា មុនពេលកើតហេតុជនរងគ្រោះបានផឹកស៊ីនៅនិឹងផ្ទះរួច ក៏បានយកម៉ូតូបើកជូនមិត្តភក្តិ ត្រឡប់ទៅផ្ទះវិញ ដោយមានកូនអាយុ៥ឆ្នាំទៅជាមួយដែរ។

ពេលជូនមិត្តភក្តិដល់ផ្ទះហើយក៏ជិះម៉ូតូវិល ត្រឡប់មកផ្ទះវិញដោយបើកបរក្នុងទិសដៅពីលិចទៅកើត  ពេលដល់ចំណុចកើតហេតុបានបុករថយន្ត១គ្រឿងម៉ាក DVO ពណ៌ក្រហម ពាក់ស្លាកលេខភព3F. 1121 ពីក្រោយដែលខូចឈប់ចតលើគន្លងម៉ូតូ ស្របទិសគ្នា បណ្តាលឲ្យអ្នកបើកម៉ូតូជាឪពុកបាក់ភ្លៅខាងស្តាំរបួសធ្ងន់និងកូនចុកចុងដង្ហើម របួសស្រាល ។

 ជនរងគ្រោះទាំង២នាក់ឪពុកនិងកូនត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ជប៉ុន នៅស្រុកមង្គលបុរី ។

  ចំពោះរថយន្តខូចខាតស្រាល រីឯម៉ូតូខូចផ្នែកខាងមុខ ត្រូវនគរបាលជំនាញយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុករង់ចាំធ្វើការដោះស្រាយនៅពេលក្រោយ ៕ ដោយ៖ វណ្ណា


ចែករំលែក៖