ខេត្តស្វាយរៀង៖ មានការភ្ញាក់ផ្អើលដល់អ្នកភូមិនិងអ្នកធ្វើដំណើរឆ្លងកាត់ស្ពានគយត្របែកឈប់ចោមរោមមើលយ៉ាងច្រើន និងរាយការណ៍ប្រាប់ទៅសមត្ថកិច្ចមូលដ្ឋានឱ្យមកពិនិត្យសព
ខណៈដែលពួកគាត់ប្រទះឃើញបុរសម្នាក់ចងកក្រោមស្ពានកាលពីវេលាម៉ោង៨និង៥០នាទីព្រឹក ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២០ នៅចំណុចស្ពានគយត្របែកស្ថិតក្នុងភូមិតារាងបាល់ សង្កាត់គយត្របែក ក្រុងស្វាយរៀង។
បើតាមសមត្ថកិច្ចនគរបាលក្រុងស្វាយរៀងបានឱ្យដឹងថា បុរសខាងលើមានឈ្មោះ កែវ រិទ្ធី ហៅបើម អាយុ៣៩ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិសាលារៀន ឃុំបាសាក់ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។
ប្រភពបន្តថា ក្រោយពីមានសេចក្ដីរាយការណ៍ពីលោកមេភូមិសមត្ថកិច្ចនគរបាល កងរាជអាវុធហត្ថក្រុងនិងគ្រូពេទ្យជំនាញបានមកពិនិត្យសពធ្វើកោសល្យវិច័យជិតមួយម៉ោងទើបសន្និដ្ឋានថាជនរងគ្រោះពិតជាស្លាប់ដោយសារចងកនិឹងកំណាត់ប្រាកដមែនដោយមិនមានស្នាកស្នាមអ្វីដែលសម្គាល់ជារឿងឃាតកម្មនោះទេ។
តាមអ្នកភូមិបានឱ្យដឹងថា បុរសខាងលើគឺជាមនុស្សស្រវឹងខួបរហូតដល់មានជំងឺសរសៃប្រសាទ ខណៈក្រុមគ្រួសារបានហាមឃាត់មិនឱ្យផឹកគ្រឿងស្រវឹងប៉ុន្តែគាត់មិនព្រមស្ដាប់ទើបបណ្ដោយតាមព្រហ្មលិខិតតែម្ដង។
បច្ចប្បន្នសាកសពក្រោយពីសមត្ថកិច្ចចម្រុះពិនិត្យរួចបានប្រគល់ឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យនៅវត្តកោះជុំតាមប្រពៃណី៕
ដោយ៖យឹម សុថាន