អាមេរិក៖ ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានប្រកាសលើកពេលកិច្ចប្រជុំមេដឹកនាំក្រុមប្រទេសមានសេដ្ឋកិច្ចរីកចម្រើនទាំង៧ (G7 )ដែលគ្រោងធ្វើនៅខែមិថុនា ទៅកាន់កញ្ញាអំឡុងជំនួបមហាសន្និបាតអង្គការសប្រជាជាតិ ឬកាលបរិច្ឆេទក្រោយៗទៀត។ ពីដំបូង កិច្ចប្រជុំនៅខែក្រោយនេះគ្រោងធ្វើតាមប្រព័ន្ធអនឡាញ តែក្រោយមក លោក ត្រាំ ក៏ចង់រៀបចំជំនួបទល់មុខវិញនៅសេតវិមាផ្ទាល់ បើទោះជាជំងឺCOVID-19 កំពុងរាលដាលខ្លាំងនៅអាមេរិកក្ដី។
ជាមួយគ្នានេះ ប្រធានាធិបតី ដូណាល់ ត្រាំ ក៏ចង់ហៅប្រទេសឧស្សាហកម្មជឿនលឿនមួយចំនួនទៀតឲ្យចូលរួមក្នុងនេះនៅថ្ងៃខាងមុខផងដែរ ដោយអះអាងថា ទម្រង់របស់ G7 បច្ចុប្បន្ននេះ បានហួសសម័យហើយ។
ប្រាប់អ្នកសារព័ត៌មានលើយន្តហោះ Air Force One ក្នុងដំណើរពីរដ្ឋផ្លរីដាទៅកាន់រដ្ឋធានីវ៉ាស៊ីនតោន លោក ត្រាំ និយាយថា កិច្ចប្រជុំ G7 ដែលមានសមាជិកជាប្រទេសមានសេដ្ឋកិច្ចរីកចម្រើនជាងគេលើលោក គឺមានហួសសម័យហើយសម្រាប់ទម្រង់សព្វថ្ងៃ។ បើតាមទីភ្នាក់ងារព័ត៌មាន Reuters លោក ត្រាំ និយាយថា៖ «ខ្ញុំលើកកិច្ចប្រជុំ ព្រោះខ្ញុំមិនមានអារម្មណ៍ថា G7 តំណាងឲ្យអ្វីដែលកំពុងកើតឡើងឡើយ។»
បច្ចុប្បន្ន សមាជិក G7 មានអាមេរិក បារាំង ជប៉ុន អង់គ្លេស អ៊ីតាលីអាល្លឺម៉ង់ និងកាណាដា។ ប៉ុន្តែប្រធានាធិបតីអាមេរិកអះអាងថា លោកចង់អញ្ជើញប្រទេសមួយចំនួនទៀតឲ្យចូលរួមក្នុងជំនួបនេះដូចជាអូស្ត្រាលីឥណ្ឌា និងកូរ៉េខាងត្បូងជាដើម។ កន្លងទៅ លោក ត្រាំ ក៏មានចេតនាចង់ហៅរុស្ស៊ីឲ្យចូលប្រជុំ G7 ខណៈរុស្ស៊ីជាសមាជិកចាស់មួយ ដែលត្រូវបានបណ្ដេញចេញក្រោយការភ្ជាប់តំបន់គ្រីមេពីអ៊ុយក្រែន។ លោកត្រាំ ចាត់ទុករុស្ស៊ីជាតួអង្គមិនអាចខ្វះសម្រាប់កិច្ចការពិភពលោក។
យ៉ាងណាមិញ លោក ត្រាំ មិននិយាយឲ្យបានច្បាស់ថា លោកគ្រាន់តែចង់អញ្ជើញប្រទេសទាំងនោះឲ្យចូលរួមដើម្បីដោះស្រាយបញ្ហាប្រឈមសព្វថ្ងៃមានជំងឺ COVID-19 ជាដើម ឬក៏ជាការពង្រីកសមាជិកភាព G7 ឲ្យកាន់តែច្រើន។ អ្នកស្រី Alyssa Farah អ្នកនាំពាក្យសេតវិមានម្នាក់ អះអាងថាជំនួបនៅពេលខាងមុខ នឹងមានសម្ព័ន្ធមិត្តអាមេរិកចូលរួម ដោយផ្ដោតសំខាន់លើប្រធានបទចិនតែម្ដង។
សូមជម្រាបថា កន្លងទៅ លោក ត្រាំ បានរិះគន់ចិនមិនសំចៃមាត់ឡើយទាក់ទងការគ្រប់គ្រងជំងឺ COVID-19 នៅដំណាក់កាលដំបូងរហូតបណ្ដាលឲ្យជំងឺនេះរាតត្បាតពេញពិភពលោក។ ជាមួយនឹងការប្រមូលសម្ព័ន្ធមិត្តរបស់ខ្លួន អាមេរិកទំនងចង់រកជំហររួមគ្នាដើម្បីតទល់នឹងចិន៕ដោយ៖ស តារា