ក្រុងប៉ោយប៉ែត៖ជនសង្ស័យចំនួន៣នាក់ ដែលបានធ្វើសកម្មភាពឆក់កាបូបលុយបានសម្រេចត្រូវកម្លាំងជំនាញបទល្មើសព្រហ្មទណ្ឌកងរាជអាវុធហត្ថក្រុងប៉ោប៉ែត រៀបចំសំណុំរឿងបញ្ជូនខ្លួនទៅសាលាដំបូងខេត្ត បន្ទាយមានជ័យ នៅថ្ងៃទី៣១ខែឧសភាឆ្នាំ២០២០ ដើម្បីចាត់ការតាមនីតិវិធី។
លោកអនុសេនីយ៍ឯក សរ សុភក្ត្រា មេបញ្ជាការស្តីទីមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានឲ្យដឹងថាជនសង្ស័យទាំង០៣នាក់ដែលឃាត់ខ្លួនបានមាន១-ឈ្មោះ នុត លីហួរ ភេទប្រុស អាយុ១៧ ឆ្នាំ រស់នៅភូមិសាមគ្គីមានជ័យ សង្កាត់/ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ២-ឈ្មោះលឹម រ៉ាលាង ភេទប្រុសអាយុ១៨ឆ្នាំ រស់នៅភូមិអណ្ដូងថ្មមាស សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្ត បន្ទាយមានជ័យនិង ៣-ឈ្មោះ ភ័ន្ទ សំប៊ុន ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិមិត្តភាព សង្កាត់/ក្រុងប៉ោយប៉ែត ខេត្ត បន្ទាយមានជ័យ។
លោកមេបញ្ជាការស្តីទី បានបញ្ជាក់ថានៅវេលាម៉ោង២រសៀលថ្ងៃទី២៩ខែឧសភាឆ្នាំ២០២០ មានឈ្មោះ ង៉ែត គន្ថូ ភេទស្រី អាយុ៤៧ឆ្នាំ រស់នៅភូមិក្បាលស្ពាន១ សង្កាត់/ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានដាក់ពាក្យបណ្តឹងថានៅម៉ោងខាងលើមានជនសង្ស័យ៣នាក់ បានជិៈម៉ូតូតាមក្រោយម៉ូតូរបស់គាត់ហើយពេលជិះមកដល់ទន្ទឹមគាត់ត្រង់ចំណុចភូមិព្រៃព្រិច សង្កាត់/ក្រុងប៉ោយប៉ែត ខេត្ត បន្ទាយមានជ័យ ពួកគេបានឆក់យកកាបូបលុយរបស់ខ្លួនបណ្តាលឲ្យដួលម៉ូតូហើយឆក់យកកាបូបលុយ ជិៈម៉ូតូគេចខ្លួនយកទៅបាត់ ខណៈខ្លួនជិៈម៉ូតូម៉ាកហុងដាស្គូពី ដាក់កាបូបលុយក្នុងឃ្លុបអាវម៉ូតូខាងមុខ ។
ជនរងគ្រោះប្រាប់ថា លុយនៅក្នុងកាបូបមានក្នុងកាបូបដែលចោរឆក់នោះមានប្រាក់បាតចំនួន១.០០០បាត(មួយពាន់) ប្រាក់ខ្មែរចំនួន៦៥.១០០(ប្រាំមួយម៉ឺនប្រាំពាន់មួយរយ)រៀល និងប្រាក់ដុល្លារ២(ពីរ)ដុល្លារ អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរចំនួន០១សន្លឹក នាមប័ណ្ណពិនិត្យសុខភាពចំនួន០១សន្លឹក។ ចំណែកម៉ូតូជនសង្ស័យជិៈធ្វើសកម្មភាពម៉ាកហុងដាឌ្រីមសេ១២៥ ពណ៌ខ្មៅ ផលិត២០១៣ ពាក់ស្លាកលេខបាត់ដំបង1Q-4130 ។
ក្រោយពីទទួលបានបណ្តឹងនេះ លោកមេបញ្ជាការស្តីទីបានដឹកនាំកម្លាំងចុះប្រតិបត្តិការស្រាវជ្រាវតាមវិធានការជំនាញរហូតឈានចាប់ឃាត់ខ្លួនជនសង្ស័យបានចំនួន០៣នាក់នៅចំណុចភូមិព្រៃគប់ សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នៅវេលាម៉ោង៥ល្ងាចថ្ងៃដដែល។ ក្រោយមកក៏បាននាំខ្លួនមកសាកសួរ នៅបញ្ជាការដ្ឋានរួមទាំងដកហូតបានម៉ូតូ០១គ្រឿងដែលពួកគេជិៈធ្វើសកម្មភាពផងដែរ ។
លោកមេបញ្ជាការស្តីទី បានបញ្ជាក់ទៀតថានៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថា ពួកគេពិតជាបានជិៈម៉ូតូធ្វើសកម្មភាពឆក់កាបូបលុយជនរងគ្រោះនោះមែន។
ដោយផ្អែកតាមចម្លើយសារភាពនិងដកហូតម៉ូតូក្រុមជនសង្ស័យដែលជិៈធ្វើសកម្មភាពមានភិនភាគដូចបណ្តឹងជនរងគ្រោះជាភស្តុតាងស្រាប់នោះ ជនសង្ស័យទាំង៣នាក់និងវត្ថុតាង ត្រូវបានកម្លាំងរបស់លោកបានរៀបចំសំណុំរឿងបញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត និងបានបញ្ជូនទៅសាលាដំបូងខេត្ត ចាត់ការតាមនីតិវិធី៕ ដោយ៖វណ្ណា