បញ្ហាបើកព្រំដែនសម្រាប់ប្រទេសក្នុងសហគមន៍អឺរ៉ុបចាប់ពីថ្ងៃទី ១៥ ខែមិថុនា កំពុងក្លាយទៅជាចំណុចវិវាទដោយប្រទេសក្នុងតំបន់មានចក្ខុវិស័យខុសៗគ្នាជុំវិញការបើកព្រំដែន។
នាយករដ្ឋមន្ត្រីបារាំង លោកÉdouard Philippe ពេលថ្មីៗនេះ បានអំពាវនាវដល់ប្រទេសជាសមាជិកសហគមន៍អឺរ៉ុបរួមគ្នាបើកព្រំដែនដើម្បីជួយដល់វិស័យសេដ្ឋកិច្ចក្នុងតំបន់ឱ្យល្អប្រសើរឡើងវិញ ពិសេសគឺវិស័យទេសចរណ៍។ ប៉ុន្តែគម្រោងបើកទ្វារព្រំដែនត្រូវបានប្រទេសមួយចំនួនមិនយល់ព្រម ពិសេសគឺប្រទេស ដែលមានករណីឆ្លងកូវីដ-១៩តិច ដោយខ្លាចរលកឆ្លងកូវីដ-១៩ ជាលើកទីពីរ។
តាមគម្រោងស្នើឡើងដោយនាយករដ្ឋមន្ត្រីបារាំងស្តីពីការបើកព្រំដែន ដោយមិនមានគម្លាតណាមួយសម្រាប់អ្នកទេសចរ លោកនាយករដ្ឋមន្ត្រី Édouard Philippe បានបញ្ជាក់ទៀតថា ការបើកទ្វារគឺត្រូវតែធ្វើឡើងរួមគ្នាមិនមែនប្រទេសណា ប្រទេសនោះគិតឡើយ។
បារាំងបានស្នើឲ្យបើកព្រំដែន សម្រាប់ទេសចរណ៍ដោយមិនមានគម្លាត១៤ថ្ងៃ សម្រាប់អ្នកធ្វើដំណើរកម្សាន្តនោះឡើយ។ បណ្តាប្រទេសក្នុងតំបន់ ដូចជា ក្រិច អាល្លឺម៉ង់ អូទ្រិីស បានគាំទ្រសំណើខាងលើ ប៉ុន្តែប្រទេសអេស្ប៉ាញបានប្រកាសថានឹងបើកទ្វារស្វាគមន៍អ្នកទេសចរ ក្នុងតំបន់ចាប់ពីថ្ងៃទី១ ខែកក្កដា ៕ធី រីណា