អាមេរិក៖ នៅក្នុងការស្ទង់មតិនាពេលថ្មីៗនេះ បេក្ខភាពប្រធានាធិបតី Joe Biden មកពីគណបក្សប្រជាធិបតេយ្យ បាននាំមុខលោកត្រាំ ដល់ទៅ១០ពិន្ទុ។ ទាំងនោះហើយធ្វើឱ្យលោកត្រាំ កាន់តែបាត់បង់ឱកាសក្នុងការដឹកនាំអាមេរិកមួយអាណត្តិទៀត។
តាមការស្ទង់មតិរបស់បណ្តាញ Washington Post-ABC News ដែលបានប្រកាសកាលពីថ្ងៃទី៣១ ខែឧសភា បង្ហាញឲ្យឃើញថា លោក Joe Bidenបាន នាំមុខលើលោកដូណាល់ត្រាំ ដល់ទៅ១០ពិន្ទុ។ ចំណែកលោកត្រាំវិញ ការធ្លាក់ចុះការគាំទ្រគឺ ដោយសារតែវិបត្តិកើតឡើងផ្ទួនៗគ្នានៅអាមេរិក ក្នុងនោះមានបញ្ហាឆ្លងកូវីដ-១៩ និងបាតុកម្មក្លាយជាអំពើហិង្សាពាក់ព័ន្ធការប្រកាន់ជាតិសាសន៍។
អ្នកសារព័ត៌មាន TTXVN ប្រចាំនៅទីក្រុងវ៉ាស៊ីនតោនបានរាយការណ៍ថា តាមលទ្ធផលស្ទង់មតិ មានពលរដ្ឋដល់ទៅ៥៣ភាគរយគាំទ្រលោក Joe Biden ចំណែកលោកត្រាំវិញទទួលបានការគាំទ្រតែ៤៣ភាគរយ ប៉ុណ្ណោះ។ ជាមួយគ្នានេះលោកត្រាំ នឹងបន្តបាត់បង់ការគាំទ្រពីក្រុមជនជាតិស្បែកខ្មៅនៅអាមេរិកថែមទៀត។
នៅក្នុងការស្ទង់មតិកាលពិីខែមីនា ការគាំទ្រដល់បេក្ខភាពទាំងពីររូបសម្រាប់ការបោះឆ្នោតនៅខែវិច្ឆិកា មានប្រហាក់ប្រហែលគ្នាដោយ លោក Joe Bidenទទួលបានការគាំទ្រ៤៩ភាគរយ ចំណែកលោកត្រាំ ទទួលបាន៤៧ភាគរយ៕ធី រីណា