ខេត្តពោធិ៍សាត់៖ យ៉ាងហោចណាស់បុរសចំនួន២នាក់បានរងរបួសធ្ងន់ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូនឹងម៉ូតូ ខណៈដែលកំពុងធ្វើដំណើរបញ្ច្រាសទិសគ្នា ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើ នេះបានកើតឡើងនៅវេលាម៉ោង៦ និង៣៥នាទីព្រឹកថ្ងៃចន្ទ ១២កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២០ នៅលើកំណាត់ផ្លូវកៅស៊ូ ស្ថិតក្នុងភូមិដំណាក់ត្រាច ឃុំរំលេច ស្រុកបាកាន ខេត្តពោធិ៍សាត់ ។
ប្រភពព័ត៌មានពីមូលដ្ឋានកងរាជអាវុធហត្ថស្រុកបាកានបានឱ្យដឹងថា មុនកើតហេតុគេឃើញបុរសឈ្មោះ សុខ រ៉ែម ភេទប្រុស អាយុ ៥៥ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិព្នៅ ឃុំរំលេច ស្រុកបាកានបានធ្វើដំណើរដោយម៉ូតូ ១គ្រឿងម៉ាកវ៉េវអាល់ហ្វា ពណ៌ខ្មៅ គ្មានស្លាកលេខក្នុងទិសដៅពីជើងឆ្ពោះទៅត្បូង លុះមកដល់កន្លែងកើតហេតុបានបុកជាមួយអ្នកជិះម៉ូតូ១គ្រឿងទៀត បណ្ដាលឲ្យដួលសន្លប់ស្ដូកស្ដឹងទាំងសង់ខាង ។
ប្រភពដដែលបន្តទៀតថា ភាគីម្ចាស់ម៉ូតូម៉ាក ហុងដាឌ្រីម សេ១២៥ ពណ៏ខ្មៅ គ្មានស្លាកលេខ ឈ្មោះ ជៀន ម៉េត ភេទប្រុស អាយុ ៣១ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិស្ដុកខ្លា ឃុំរំលេច ស្រុកបាកាន ខេត្តពោធិ៍សាត់ បានរបួសធ្ងន់បញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យបង្អែកស្រុកបាកាន ចំណែកវត្ថុតាងម៉ូតូទាំង ២គ្រឿងរក្សាទុកជាបណ្ដោះអាសន្ន នៅប៉ុស្ដិ៍នគរបាលរដ្ឋបាលរំលេច ដើម្បីរងចាំបន្តនីតិវិធី ៕ដោយ៖ បុឹម ពិន