ខេត្តរតនគិរី ៖ បុរសម្នាក់ ត្រូវកម្លាំងអធិការដ្ឋាននគរបាលស្រុកអណ្តូងមាស ឃាត់ខ្លួនពាក់ព័ន្ធករណីប្រើហិង្សា ដោយចេតនាបណ្តាលឲ្យអ្នកដទៃរបួសធ្ងន់។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១៨និង១០នាទីថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២០ ស្ថិតក្នុងភូមិតាង៉ា ឃុំញ៉ាង ស្រុកអណ្តូងមាស ខេត្តរតនគិរី។
តាមរបាយការណ៍របស់សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ហ៊ន ម៉ៅ ភេទប្រុស អាយុ៤៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ ត្រូវបានជនដៃដល់កាប់នឹងពូថៅបណ្តាលឲ្យរងរបួសធ្ងន់ត្រង់កែងដៃខាងស្តាំ។ ជនរងគ្រោះមានស្រុកកំណើតនៅភូមិវាល៣ ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ហើយបច្ចុប្បន្នបានមករស់នៅភូមិកែត ឃុំញ៉ាង ស្រុកអណ្តូងមាស ខេត្តរតនគិរី និងមានប្រពន្ធឈ្មោះ សេវ ប៉ច អាយុ៣៥ឆ្នាំ ជនជាតិច្រាយ មុខរបរកសិករ មានទីលំនៅភូមិ/ឃុំជាមួយគ្នា។ រីឯជនសង្ស័យឈ្មោះ សុខ អ៉ីប្រាហ៊ីម អាយុ៥០ឆ្នាំ ជនជាតិខ្មែរអ៉ីស្លាម មុខរបរកសិករ មានស្រុកកំណើតនៅភូមិ វិហារសំបូរ ឃុំរកាពប្រាំ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ បច្ចុប្បន្នរស់នៅភូមិតាង៉ា ឃុំញ៉ាង ស្រុកអណ្តូងមាស ខេត្តរតនគិរី។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកធ្វើអន្តរាគមន៍ដឹកបញ្ជូនជនរងគ្រោះទៅសង្គ្រោះបន្ទាន់ នៅមណ្ឌលសុខភាពស្រុកអណ្តូងមាស ដើម្បីព្យាបាលរបួស។ ដោយឡែកជនសង្ស័យនិងវត្ថុតាង ត្រូវសមត្ថកិច្ចឃាត់ខ្លួននាំយកទៅអធិការដ្ឋាននគរបាលស្រុកអណ្តូងមាស ដើម្បីកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តចាត់ការទៅតាមនីតិវិធី៕ដោយ៖ហេង នរិន្រ្ទ