ខេត្តកណ្ដាល៖ ជនសង្ស័យម្នាក់បានល្បួងក្មេងស្រីអាយុ៨ឆ្នាំដោយកុហកថាទៅបេះផ្លែឈូក តែបែរជានាំក្មេងស្រីរងគ្រោះយកទៅចាប់រំលោភវិញ ទីបំផុតត្រូវបានសមត្ថកិច្ចស្រុកពញាឮចាប់ខ្លួន។ ករណីចាប់ខ្លួនជនអគតិល្មោភតណ្ហានេះ ធ្វើឡើងនៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២០ ដែលហេតុការណ៍នេះបានកើតឡើងកាលពីអំឡុងខែមេសា ឆ្នាំ២០២០ វេលាម៉ោង១៥រសៀល នៅចំណុចក្នុងព្រៃខាងជើងភូមិអំពិលដាំទឹក ឃុំវិហារហ្លួង ស្រុកពញាឮ ខេត្តកណ្តាល។
មន្ត្រីនគរបាលស្រុកពញាឮបានឲ្យដឹងថា ជនសង្ស័យដែលសមត្ថកិច្ចចាប់ខ្លួនឈ្មោះ មាស សារ៉ាត់ ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ មានទីលំនៅភូមិអំពិលដាំទឹក ឃុំវិហារហ្លួង ស្រុកពញាឮ ខេត្តកណ្តាល(បានធ្វើតេស្តឃើញមានសារធាតុញៀននៅក្នុងទឹកនោម)។ចំណែកក្មេងស្រីរងគ្រោះមានអាយុ៨ឆ្នាំ មានទីលំនៅក្នុងឃុំជាមួយជនសង្ស័យ។
ប្រភពដដែលបន្តថា កាលពីថ្ងៃកើតហេតុ ជនសង្ស័យបាននិយាយលួងលោមក្មេងស្រីរងគ្រោះដោយកុហកថាទៅបេះផ្លែឈូកនៅឯបឹងវាលប្រាំងខាងជើងវត្តព្រះវិហារសំណ ក្នុងភូមិសាស្រ្តកើតហេតុខាងលើ ភ្លាមនោះក្មេងស្រីរងគ្រោះក៏យល់ព្រមទៅជាមួយ។ លុះដល់ចំណុចកើតហេតុ ស្រាប់តែជនសង្ស័យនិយាយលួងលោមឲ្យក្មេងស្រីរងគ្រោះលេងប្រដាប់ភេទរបស់ខ្លួន រួចធ្វើសកម្មភាពចាប់រំលោភតែម្ដង។ បន្ទាប់ពីរំលោភរួច ជនសង្ស័យបានឲ្យប្រាក់ក្មេងស្រីរងគ្រោះចំនួន៥០០០រៀល ដើម្បីកុំឲ្យនិយាយប្រាប់ឪពុកម្ដាយ ឬអ្នកណាផ្សេងដឹងឡើយ។ រហូតមកដល់ថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២០ ក្មេងស្រីរងគ្រោះ បានយករឿងហេតុទាំងអស់នេះប្រាប់អ្នកជិតខាងនិងម្តាយរបស់ខ្លួន។
បន្ទាប់ពីម្ដាយក្មេងស្រីរងគ្រោះដឹងរឿងហេតុនេះហើយក៏បានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលវិហារហ្លួង ដើម្បីឱ្យសមត្ថកិច្ចចាត់ការតាមនីតិវិធីច្បាប់។
បច្ចុប្បន្ន ជនសង្ស័យត្រូវបានបញ្ជូនមកអធិការដ្ឋាននគរបាលស្រុក ដើម្បីកសាងសំណុំរឿងចាត់ការបន្តតាមនីតិវិធីច្បាប់៕
ដោយ៖ស្អាង ជ័យ